ពិភពលោក៖ យោធាមីយ៉ាន់ម៉ាបានឃុំខ្លួនមេដឹកនាំ តាមជាក់ស្ដែងរបស់ប្រទេសនេះគឺលោកស្រី Aung San Suu Kyi, លោកប្រធានាធិបតី Win Myint និងឥស្សរជនជាន់ខ្ពស់ដទៃទៀតមកពីគណបក្សកាន់អំណាច ដោយបានដណ្ដើមក្ដោបក្ដាប់អំណាចនៅក្នុងរដ្ឋប្រហារមួយ ដែលមានរយៈពេលតិចជាង ១០ឆ្នាំបន្ទាប់ពីបានប្រគល់អំណាចទៅឲ្យរដ្ឋាភិបាលស៊ីវិល។
ប្រទេសចិនបញ្ជាក់ថា ខ្លួនសង្ឃឹមថា ភាគីទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា អាចដោះស្រាយការខ្វែងគំនិតគ្នាតាមរដ្ឋធម្មនុញ្ញ និងគ្របខណ្ឌស្របច្បាប់ និងរក្សាស្ថិរភាព។ ប្រទេសបង់ក្លាដែសបានអំពាវនាវឲ្យមានសន្តិភាពនិងស្ថិរភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបាននិយាយថា ខ្លួនសង្ឃឹមថា នឹងបន្តដំណើរការនៃការធ្វើមាតុភូមិនិវត្តន៍ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដោយស្ម័គ្រចិត្ត ជាមួយប្រទេសជិតខាងរបស់ខ្លួន។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយថា ខ្លួនបានទទួលព័ត៌មានមានកំណត់ ស្តីពីស្ថានភាពនៅមីយ៉ាន់ម៉ា ព្រោះតែទីក្រុងតេអេរ៉ង់ពុំមានស្ថានទូតនៅទីនោះ ហើយបណ្ដាញទំនាក់ទំនងមានកម្រិត។ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានថ្កោលទោសចំពោះការដណ្ដើមអំណាច របស់យោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបានទាមទារឲ្យដោះលែងអ្នកទាំងអស់ ដែលខ្លួនបានឃុំខ្លួននៅក្នុងការវាយឆ្មក់នៅទូទាំងប្រទេស។
រសួងការបរទេសឥណ្ឌាបាននិយាយថា ខ្លួនបានតាមដានស្ថានភាពវិវឌ្ឍន៍ថ្មីៗ នៅក្នុងប្រទេសមីយ៉ាន់ម៉ារួមទាំងក្ដីបារម្ភយ៉ាងខ្លាំង។ ប្រទេសជប៉ុនលើកឡើងថា ខ្លួនបានគាំទ្រលទ្ធិប្រជាធិបតេយ្យយ៉ាងពេញទំហឹង នៅក្នុងប្រទេសមីយ៉ានម៉ា និងប្រឆាំងចំពោះដំណើរការផ្ទុយពីច្បាប់នេះ ដោយអំពាវនាវឲ្យដោះលែងលោកស្រី Aung San Suu Kyi និងមន្ត្រីផ្សេងទៀតដែលត្រូវបានចាប់ឃុំខ្លួន។ អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បាននិយាយថា ប្រទេសហ្វីលីពីនកំពុងផ្តល់អាទិភាព ដល់សុវត្ថិភាពរបស់ប្រជាជនរបស់ខ្លួនក្នុងប្រទេសមីយ៉ាន់ម៉ា ហើយមើលឃើញថា ព្រឹត្តិការណ៍នៅក្នុងប្រទេសនេះគឺជាបញ្ហាផ្ទៃក្នុងមួយ ដែលយើងនឹងមិនអាចជ្រៀតជ្រែកបានឡើយ។ នៅមានប្រទេសជាច្រើនទៀត ដែលបង្ហាញប្រតិកម្មមិនពេញចិត្ត និងថ្កោលទោសចំពោះការធ្វើរដ្ឋប្រហារ ពីសំណាក់យោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងនោះមានដូចជា ប្រទេសអង់គ្លេស សហរដ្ឋអាមេរិក កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី អង្គការឃ្លាំមើលសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ អូស្ត្រាលី អាល្លឺម៉ង់ បារាំង ណូវែលហ្សេឡង់ អង្គការលើកលែងទោសអន្តរជាតិ អេស្ប៉ាញ សាធារណរដ្ឋឆែក ទួរគី អ៊ីតាលី សិង្ហបុរី និងបណ្ដាប្រទេសជាសមាជិកអាស៊ាន៕