(វ៉ាស៊ីនតោន)៖ យោធាអាមេរិកនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានរិះគន់ធ្ងន់ៗទៅលើកងយន្តហោះចម្បាំងចិន ដែលបានហោះឆ្លងកាត់សមុទ្រចិនខាងត្បូង កាលពីពេលថ្មីៗនេះ ប៉ុន្តែអាមេរិកអះអាងថា ទង្វើនេះមិនបានបង្កការគំរាមកំហែងណាមួយ ដល់នាវាដឹកយន្តហោះចម្បាំងអាមេរិក ដែលកំពុងមានសកម្មភាព នៅក្នុងតំបន់នេះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១។
មេបញ្ជាការយោធាអាមេរិក ប្រចាំនៅតំបន់ប៉ាស៊ីហ្វិកបានអះអាងថា កងនាវាដឹកយន្តហោះចម្បាំង-ប្រយុទ្ធមានឈ្មោះថា ធាដ័រ រូស្វែល (Theodore Roosevelt) កំពុងអង្កេតមើលរាល់សកម្មភាព របស់កងទ័ពជើងទឹក និងកងទ័ពជើងអាកាសរបស់ចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ហើយកន្លងមកនេះពួកគេមិនបាន បង្កការគំរាមកំហែងណាមួយដល់ នាវា, យន្តហោះ និងកងទ័ពអាមេរិកនោះឡើយ។
គួរបញ្ជាក់ថា ប្រទេសចិនកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានហៅការចល័តកងនាវាដឹកយន្តហោះចម្បាំងអាមេរិក ទៅកាន់តំបន់សមុទ្រចិនខាងត្បូងនោះថា មិនបានជួយលើកស្ទួយសន្តិភាព និងស្ថិរភាពសម្រាប់តំបន់ទាំងមូលឡើយ។ ដោយឡែកសហរដ្ឋអាមេរិកវិញ បានចល័តនាវាចម្បាំងមកកាន់ តំបន់សមុទ្រចិនខាងត្បូងជាប្រចាំ ដោយយោងទៅលើអ្វីដែលមហាអំណាចនេះតែងអះអាងថា សេរីភាពនៃការធ្វើនាវាចរ៕