(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ម្នាក់ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ ខណៈអ្នកជំងឺចំនួន ៥នាក់បានជាសះស្បើយ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
អ្នកឆ្លងជំងឺថ្មីនេះ គឺជាស្ត្រីជនជាតិខ្មែរអាយុ ៣៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង បាន ធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី០២ របស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
ចំពោះអ្នកជាសះស្បើយទាំង៥នាក់រួមមាន៖
១៖ ស្ត្រីជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើដំណើរមក ពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។
២៖ ស្ត្រីជនជាតិខ្មែរ អាយុ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។
សូមកត់សម្គាល់ថា៖ បុគ្គលទាំង០២រូប ខាងលើនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ។
៣៖ ស្ត្រីជនជាតិខ្មែរ អាយុ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុករុក្ខគិរី ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។
៤៖ បុរសជនជាតិខ្មែរ អាយុ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខេត្តតាកែវ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។
សូមកត់សម្គាល់ថា៖ បុគ្គលទាំង ០២នាក់ខាងលើនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។
៥៖ បុរសជនជាតិជប៉ុន អាយុ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ បុរសរូបនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៦៤នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៤៤៣នាក់ និងអ្នកជំងឺ ២១នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕