ភ្នំពេញ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋានចុះបង្ក្រាប ជាក់ស្ដែងករណីប្រព្រឹត្តិអំពើសញ្ចរកម្មមានស្ថានទម្ងន់ទោស (នាំនារីក្មេងៗ ឱ្យរួមភេទជាមួយភ្ញៀវ នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ) ដោយបានឃាត់ខ្លួនស្ត្រីមេខ្យល់ម្នាក់ និង នារីរងគ្រោះចំនួន ០៧នាក់ ក្នុងនោះ មានអនីតិជនចំនួន០៥នាក់។
ប្រតិបត្តិការនេះ ដោយមានការចង្អុលបង្ហាញពីឯកឧត្ដម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ សម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ធ្វើការឃាត់ស្ត្រីសង្ស័យជាអ្នកគ្រប់គ្រងម្នាក់ និងនារីរងគ្រោះ ក្មេងៗចំនួន៧នាក់ នៅវេលាម៉ោង២រសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ចំណុចភោជនីយដ្ឋានតាឪភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា មេខ្យល់ឈ្មោះ ឆយ ចន្ថា អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ផ្ទះជួល ផ្លូវបេតុង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងនារីរងគ្រោះចំនួន០៣នាក់ ឃាត់ខ្លួននៅចំណុចភោជនីយដ្ឋាន តាឪ ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ និងនារីជនរងគ្រោះ ចំនួន០៤នាក់ បន្ថែមទៀត ឃាត់ខ្លួននៅ ចំណុចផ្ទះសំណាក់ ហេងមហាសាល ផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
យោងតាមនារីរងគ្រោះបានអោយដឹងថា ភោជនីយ៍ដ្ឋាន តាឪ ចាប់ផ្ដើមបើកដំណើរការពីវេលាម៉ោង១១ថ្ងៃត្រង់ រហូតដល់ម៉ោង៩យប់ ដោយមាននារីៗក្មេងជាច្រើននៅ បំរើភ្ញៀវនៅហាង ចំពោះភ្ញៀវ ដែលចូលមកហាង ពេលត្រូវការនារីក្មេងៗ មកអង្គុយកំដរនិងទៅរួមភេទនៅខាងក្រៅ គឺមេការឈ្មោះ ឆយ ចន្ថា អាចធ្វើការទំនាក់ទំនង តាមរយៈទូរស័ព្ទ បាននាំមកអោយភ្ញៀវមើល និងសម្រាប់រួមភេទ ដោយក្មេងៗនារី មានអាយុចន្លោះពី១៥ឆ្នាំ ១៦ឆ្នាំ ឡើងទៅ ដោយក្នុងតម្លៃការរួមភេទក្នុង១ដង ចាប់ពី១០០$ ដល់១៥០$ ចំពោះលុយបានមក គឺត្រូវអោយទៅមេខ្យល់ចំនួន១៥$ទៅ២០$ បន្ថែមទៀតនោះ មេខ្យល់បានសុំលុយធីបពី ភ្ញៀវចំនួនពី ២០$ទៅ៥០$ ជាកម្រៃជើងសារដែលខ្លួនបាននាំនារី មកអោយរួមភេទជាមួយភ្ញៀវផងដែរ។
បច្ចុប្បន្នសមត្ថកិច្ច បានឃាត់ស្ត្រីសង្ស័យនៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីសាកសួរ និង កសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។ ចំណែកនារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ធ្វើការអប់រំ៕