មណ្ឌលគិរី ៖ កូនស្វាកន្ទុយសឈ្មោលមួយក្បាល ដែលជាប្រភេទសត្វកម្រជិតផុតពូជ ត្រូវបានពលរដ្ឋស្ម័គ្រចិត្តប្រគល់ជូនដល់ក្រសួងបរិស្ថាន ដើម្បីបន្តការពារ និងអភិរក្ស។ ស្វាកន្ទុយសនេះ ជាអំបូរស្វា ដែលប្រឈមនិងបាត់បង់លើពិភពលោក ដែលសូម្បីតែប្រទេសកម្ពុជា ក៏មិនមានស្វាប្រភេទនេះច្រើនដែរ។
លោក តេត សារ៉េត ជាពលរដ្ឋស្ម័គ្រចិត្តប្រគល់ស្វាដ៏កម្រនេះជូនមន្ត្រីជំនាញ បានឱ្យដឹងថា កូនស្វាកន្ទុយសនេះ គឺក្មេងឃ្វាលគោនៅខេត្តមណ្ឌលគិរី បានឲ្យវាមកលោក ដែលទំនងមេរបស់វាត្រូវព្រានសម្លាប់បាត់ទៅហើយ។ នៅពេលយកកូនស្វានេះ មកដំបូង លោកបានចិញ្ចើមមើលថែវាយ៉ាងយកចិត្តទុកដាក់ ដោយត្រូវបញ្ចុកទឹកដោះគោ និងស្លៀក ខោទឹកនោមឲ្យដូចកូនមនុស្សអញ្ចឹង ក្រោយពិនិត្យឃើញថា កូនស្វាមានសុខភាពល្អហើយ រឹងដៃរឹងជើងលោកសម្រេចប្រគល់វាជូនទៅមន្ត្រីជំនាញ ដើម្បីអភិរក្សសត្វដ៏កម្រនេះឲ្យគង់វង្សយូរអង្វែងទៀត។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលបានទទួលកូនស្វា កន្ទុយសនេះដោយផ្ទាល់ ពីពលរដ្ឋអំឡុងបំពេញបេសកកម្មនៅលើទឹកដីខេត្តមណ្ឌលគិរី នៅថ្ងៃទី២៨ ខែមករា បានថ្លែងអំណរគុណដល់ពលរដ្ឋដែលស្ម័គ្រចិត្តប្រគល់កូនសត្វស្វាកន្ទុយសនេះ និងបានអំពាវនាវដល់ពលរដ្ឋមួយចំនួនតូចដែលកំពុងលួចលាក់ចិញ្ចឹមសត្វព្រៃប្រភេទកម្រនៅតាមផ្ទះប្រគល់ជូនដល់ក្រុមអ្នកអភិរក្ស ព្រោះសត្វព្រៃត្រូវតែរស់នៅក្នុងព្រៃ ហើយការយកសត្វព្រៃកម្រមកចិញ្ចឹមគឺខុសច្បាប់។ ឯកឧត្តម បានថ្លែងថា កូនស្វាកន្ទុយស ឈ្មោលមួយក្បាល ដែលមានអាយុប្រមាណ២ខែនេះ នឹងត្រូវថែរក្សាការពារនិងចិញ្ចឹមដោយក្រុមអភិរក្ស ដើម្បីឱ្យសត្វស្វាមួយក្បាលនេះមានសុខភាពល្អ ចេះគ្រប់គ្រងខ្លួនឯង មុន នឹងយកទៅព្រលែងចូលក្នុងព្រៃធម្មជាតិវិញ។
បើតាមឯកឧត្តម នេត្រ ភក្ត្រា នៅឆ្នាំ២០២០ កូនស្វាកន្ទុយសចំនួន ២ ក្បាលត្រូវបានពលរដ្ឋប្រគល់ជូនសមត្ថកិច្ចអនុវត្តច្បាប់នៅខេត្តមណ្ឌលគិរី និងបានកំពុងថែរក្សាដោយក្រុមអ្នកអភិរក្ស។ ឯកឧត្តម បានសង្កត់ធ្ងន់ថា សូមពលរដ្ឋមួយចំនួនតូចដែលនៅតែយាយីសត្វព្រៃ ត្រូវបញ្ឈប់សកម្មភាពចាប់សត្វព្រៃ បរបាញ់សត្វ និងដាក់អន្ទាក់ចាប់សត្វព្រៃ និងបញ្ឈ ប់ការយកសត្វកម្រមកចិញ្ចឹម បើពុំនោះទេនឹងត្រូវប្រឈមមុខច្បាប់។ ឯកឧត្តម បានថ្លែងឱ្យដឹងថា តាមការសិក្សារបស់មន្ត្រីជំនាញផ្នែកសត្វព្រៃ សត្វស្វាកន្ទុយស ជាប្រភេទសត្វកម្រជិតផុតពូជបំផុតនៅលើពិភពលោក។
មិនមានរបាយការណ៍ពីចំនួនស្វាកន្ទុយសសរុបនៅលើពិភពលោកទេ ប៉ុន្តែនៅសល់មិនច្រើននោះឡើយ។ តាមទិន្នន័យស្វាកន្ទុយសនៅកម្ពុជាបច្ចុប្បន្នមានចំនួនប្រមាណជាង២ម៉ឺនក្បាល ហើយវត្តមានរបស់សត្វកន្ទុយសនេះច្រើនជាងគេ គឺនៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរី ដែលតាមការសិក្សាមានចំនួន៦.៧៥៦ក្រុម ៕