ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមានប្រសាសន៍រម្លឹកពីការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ សមិទ្ធផលសង្គម ស្ទើរគ្មានសល់ក្រោយថ្ងៃរំដោះដែលបន្សល់នូវការលំបាកជាច្រើនសម្រាប់ការស្តារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សមិទ្ធផលសង្គមឡើងវិញជាច្រើន រាប់ទាំងសំណង់ទីស្តីការក្រសួងនានាថ្មីៗជាច្រើនដោយសម្តេចមានប្រសាសន៍ថាការរីកចម្រើនរបស់យើងជាការរីកចម្រើនរបស់ប្រទេសជាតិ។
ក្នុងពិធីសម្ពោធនោះប្រើប្រាស់ជាផ្លូវការ “អគ្គិសនីការក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានតេជោសែន និងដឹកជញ្ជូន ដែលមានទីតាំងនៅផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ សម្ដេចបានមានប្រសាសន៍ថា ការរីកចម្រើនមកដល់ពេលនេះទីស្តីការក្រសួងចាស់ៗត្រូវបានកសាងឡើងវិញជាច្រើន ស្របតាមការវិវត្តរីកចំរើននារបស់សង្គមជាតិយើងនាសព្វថ្ងៃនេះ។
សូមបញ្ជាក់ថា ទីតាំងអគារទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូនចាស់នៅជិតវត្តភ្នំ ដែលបានសាងសង់សំណង់អាណានិគមបារាំង និងបានប្រើប្រាស់គ្រប់ជំនាន់ រហូតមកដល់បច្ចុប្បន្ន មានភាពតូចចង្អៀត និងមិនអាចឆ្លើយតបបានតាមតម្រូវការ របស់ក្រសួង តម្រូវឲ្យថ្នាក់ដឹកនាំក្រសួងគោរពស្នើសុំការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រីដើម្បីសាងសង់អគារទីស្តីការថ្មី លើទំហំដី ជាង៣ហ.ត និងទិញគ្រឿងចក្រមួយចំនួនសម្រាប់ផ្ដល់ជូនមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីខេត្ត។ អគារទីស្តីការក្រសួងថ្មីនេះ មានអគាររដ្ឋបាលកំពស់៩ជាន់ ទំហំ៥៩,៥០ម គុណ២៣,២០ម អគាររដ្ឋបាល២ខ្នង នៅស្លាបសងខាងកំពស់៨ជាន់ ទំហំ៤៩ម គុណ២០ម អគារសាលប្រជុំនិងបណ្ណាល័យ១ខ្នង កំពស់៣ជាន់ ទំហំ៥០គុណ២០ម ព្រមទាំងបំពាក់សម្ភារៈការិយាល័យ សម្ភារៈសង្ហារឹម និងជណ្ដើរយន្ដ សាងសង់អាគារដាក់គ្រឿងចក្រ៥ខ្នង ទំហំ៤០គុណ២០ម ជួសជុលអគារចាស់ៗ ដែលមានស្រាប់ចំនួន ៦ ខ្នង សាងសង់របងព័ទ្ធជុំវិញ និងរៀបចំបណ្ដាញផ្លូវ បណ្ដាញអគ្គិសនី បណ្ដាញទឹកស្អាត ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ និងសួនច្បារក្នុងបរិវេណក្រសួង ព្រមទាំងបានទិញគ្រឿងចក្រចំនួន២២២គ្រឿង សម្ភារៈផ្ដល់ជូនមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីខេត្ត និងអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ដែលបានចំណាយថវិកាសរុបប្រមាណ ២៦លាន ៦១៣ពាន់ ៤០ ដុល្លារអាមេរិក។
ទន្ទឹមនេះក្រសួងក៏បានរៀបចំបំពាក់ប្រពន្ធសូឡាទាញយកថាមពលប្រើប្រាស់ ពីពន្លឺព្រះអាទិត្យនៅលើដំបូលអគារផ្ទាល់ទាំងអស់ផងដែរ៕