ភ្នំពេញ: សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ដើម្បីពិនិត្យភាក្សាសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងសេចក្ដីព្រាងអនុក្រឹត្យពាក់ព័ន្ធមួយចំនួនទៀត នៅទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជា ចាន់តូអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ព្រមទាំងឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមអគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធានអង្គភាពពាក់ព័ន្ធ និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត ជាសមាជិកក្រុមការងារអន្តរក្រសួងជាច្រើនទៀត។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារអន្តរក្រសួង ដែលបានខិតខំប្រឹងប្រែងរួមគ្នាកសាងនិងបង្កើតបាននូវសេចក្ដីព្រាងអនុក្រឹត្យពាក់ព័ន្ធទាំង៣នាពេលនេះ ខណៈច្បាប់នេះនឹងធ្វើឲ្យការគ្រប់គ្រង់ និងសម្អាតសាច់ប្រាក់ ខ្មៅនៅប្រទេសកម្ពុជាកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតនោះ។
សម្តេចបានសង្កត់ធ្ងន់ថា«យើងត្រូវរួមគ្នាធ្វើឲ្យបាន កុំទន់ជ្រាយចំពោះករណីនេះ ហើយពេលដែលធ្វើការបានយើងត្រូវប្រមូលថវិកាទាំងនោះចូលរដ្ឋ ឬធ្វើអ្វីមួយជាសមិទ្ធផលរបស់រដ្ឋ ដោយមិនអាចយកទៅចែកគ្នានៅស្ថាប័ននីមួយៗនោះឡើយ»។
សូមបញ្ជាក់ថាសេចក្ដីព្រាងអនុក្រឹត្យទាំង៣ដែលប្រជុំពិនិត្យពិភាក្សានាថ្ងៃនេះ រួមមាន សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេវរកម្មនិងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ,សេចក្ដីព្រាងអនុក្រឹត្យស្ដីពីបែបបទនិងនីតិវិធីនៃការអនុវត្តច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ,និងអនុក្រឹត្យស្ដីពីការប្រើប្រាស់និងចាត់ចែងទ្រព្យសម្បត្តិបង្កកនៃហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ៕