(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ឲ្យដឹងថា មិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ខណៈអ្នកជំងឺម្នាក់ជាសះស្បើយ។
អ្នកជាសះស្បើយម្នាក់នេះ គឺជាស្ត្រីជនជាតិខ្មែរ អាយុ២៨ឆ្នាំ ស្នាក់នៅភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ត្រូវបានព្យាបាលជាសះស្បើយ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤៣៩នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣៨៦ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ៥៣នាក់៕