(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៥ ខែមករាឆ្នាំ២០២១នេះ បានផ្ញើសារសម្ដែងការអបអរសាទរជូន លោក ថុងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ ដែលបានជាប់ឆ្នោតជាអគ្គលេខាធិការ នៃគណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនបដិវត្តន៍ឡាវ នៅក្នុងមហាសន្និបាតជាតិលើកទី១១ នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនបដិវត្តន៍ឡាវ កាលពីពេលថ្មីៗនេះ។
ក្នុងសារលិខិត សម្ដេចតេជោបានគូសបញ្ជាក់ថា «ខ្ញុំមានសេចក្តីរីករាយណាស់ ដែលបានទទួលដំណឹងថា ឯកឧត្តមបានជាប់ឆ្នោតជាអគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនបដិវត្តន៍ឡាវ នៅក្នុងមហាសន្និបាតជាតិលើកទី ១១ នៃគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនបដិវត្តន៍ឡាវ ។ ក្នុងនាមគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវការអបអរសាទរដ៏កក់ក្តៅបំផុតចំពោះឯកឧត្តមក្នុងឱកាសដ៏ឧឡារឹកនេះ»។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ការបោះឆ្នោតជ្រើសរើស លោក ថុងលូន ស៊ីសូលីត ឲ្យទទួលតំណែងកំពូលនេះ គឺជាសក្ខីភាពបញ្ជាក់ច្បាស់ពីទំនុកចិត្តដ៏មុតមាំរបស់គណបក្សប្រជាជនបដិវត្តឡាវ និងប្រជាជនឡាវ ទៅលើសមត្ថភាព និងមគ្គុភាពដ៏ឈ្លាសវៃរបស់លោក ក្នុងការដឹកនាំការអភិវឌ្ឍន៍ជាតិ ដើម្បីឱ្យប្រជាជនឡាវ អាចមានជីវភាពរស់នៅដោយរីរាយក្នុងសន្តិភាព ស្ថិរភាព និងវិបុលភាពកាន់តែប្រសើរឡើង។
សម្ដេចជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយសច្ចភាព ទស្សនវិស័យវែងឆ្ងាយ និងទូលំទូលាយ របស់លោក ថុងលូន ស៊ីសូលីត គណបក្សប្រជាជនបដិវត្តឡាវនឹងទទួលបានការជឿទុកចិត្ត និងការគាំទ្រកាន់តែច្រើនពីប្រជាជន ហើយទទួលបានជោគជ័យកានតែធំក្នុងការអនុវត្តគោលនយោបាយ និងសេចក្តីសម្រេចចិត្តដែលបានអនុម័តដោយមហាសន្និបាតជាតិលើកទី ១១ ។
សម្ដេចក៏មានទំនុកចិត្តផងដែរថា ចំណងមិត្តភាពប្រពៃណីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ ក៏ដូចជារវាងប្រជាជនយើងទាំងពីរនឹងកាន់តែរឹងមាំឡើង ពេលអនាគតដ៏យូរអង្វែង។
សម្តេចបានជូនពរឱ្យលោកថុងលូន ស៊ីសូលីត ទទួលបានជោគជ័យដ៏ធំធេងក្នុងភារកិច្ចដ៏ថ្លៃថ្លាឧត្តុង្គឧត្តម ដើម្បីធានាបាននូវសុភមង្គល និងសុខុមាលភាពរបស់ប្រជាជនឡាវ៕
ខាងក្រោមនេះជាសារលិខិតសម្ដេចតេជោ ហ៊ុន សែន៖