(វ៉ាស៊ីនតោន)៖ សភាតំណាងរាស្ត្រគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានបោះឆ្នោតក្នុងសំឡេងភាគច្រើនគាំទ្រលើការចាប់ ផ្ដើមនីតិវិធីដកតំណែងលោកប្រធានាធិបតី ដូណាល់ ត្រាំ ពីបទញុះញង់ឱ្យក្រុមអ្នកគាំទ្ររបស់លោកសម្រុកចូលវាយប្រហារវិមានសភា កាលពីសប្ដាហ៍មុន។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១។
សភាតំណាងរាស្ត្រគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ បានបោះឆ្នោតគាំទ្រលើនីតិវិធីដកតំណែងលោក ដូណាល់ ត្រាំ ក្នុងសំឡេងគាំទ្រ២៣២ ទល់នឹង១៩៧សំឡេង ហើយដែលនេះបានធ្វើឱ្យលោក ត្រាំ ក្លាយជាប្រធានាធិបតីដំបូងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលត្រូវបានគេដំណើរការនីតិវិធីដកតំណែងដល់ទៅ២លើក។ នៅក្នុងការ បោះឆ្នោតនេះ ក៏មានសមាជិកសភាតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋយ៉ាងហោច១០រូប បានបោះឆ្នោតគាំទ្រនីតិវិធីដកតំណែងលោក ត្រាំផងដែរ។
តែយ៉ាងណាក៏ដោយ លោក ដូណាល់ ត្រាំ ដែលនឹងត្រូវផុតអាណត្តិនៅថ្ងៃទី២០ ខែមករានេះ មិនបានធ្វើអតា្ថធិប្បាយអ្វីឆ្លើយតបទៅនឹងនីតិវិធីដកតំណែងលោកឡើយ ដោយគ្រាន់ តែលោកជំរុញឱ្យប្រជាជនអាមេរិកទាំងអស់ បញ្ចៀសឱ្យបាននូវរាល់អំពើហិង្សា។
គួរបញ្ជាក់ថា ការចាប់ផ្ដើមនីវិតិធីដកតំណែងលោក ដូណាល់ ត្រាំ ដោយសភាតំណាងរាស្ត្រ ធ្វើឡើងជាការឆ្លើយតបទៅនឹងភាពចលាចល និងអំពើហិង្សានៅឯវិមានសភា កាលពីថ្ងៃទី០៦ ខែមករា ដើម្បីរារាំងការទទួលស្គាល់លោក ចូ បៃដិន ជាប្រធានាធិបតីអាមេរិកថ្មី។ លោក ត្រាំ ត្រូវបានគេចោទថាជាអ្នកញុះញង់ឱ្យក្រុមអ្នកគាំទ្ររបស់លោក ប្រព្រឹត្តអំពើហិង្សាបែបនេះ ដែលបណ្ដាលឱ្យមនុស្ស៥នាក់ស្លាប់ ក្នុងនោះមានមន្ត្រីប៉ូលិសម្នាក់៕