(គូឡាឡាំពួ)៖ ព្រះមហាក្សត្រម៉ាឡេស៊ីព្រះចៅ ស៊ុលតង់ អាប់ឌុលឡាហ៍ (Al-Sultan Abdullah) នៅថ្ងៃអង្គារនេះបានសម្រេចព្រះទ័យដាក់ប្រទេសម៉ាឡេស៊ី ទាំងមូលចូលក្នុងគ្រាមានអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១។
នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញពីព្រះបរមរាជវាំងម៉ាឡេស៊ីបានឱ្យដឹងទៀតថា ការប្រទេសដាក់ក្នុងគ្រាអាសន្ននេះ នឹងមានសុពលភាពរហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ឬក៏អាច លឿនជាងនេះអាស្រ័យទៅលើស្ថានភាព COVID-19។ ព្រះមហាក្សត្រម៉ាឡេស៊ី បានអនុញ្ញាតឱ្យរដ្ឋាភិបាលម៉ាឡេស៊ី បង្កើតគណៈកម្មាធិការឯករាជ្យមួយ ដែលមានសមាសភាពនៃមន្ត្រីរដ្ឋាភិបាល និងសមាជិកសភាមកពីគណបក្សប្រឆាំង រួមទាំងអ្នកជំនាញសុខាភិបាល ដើម្បីគ្រប់គ្រងស្ថានការណ៍ COVID-19។ បន្ថែមពីលើនេះ ព្រះអង្គក៏បានស្នើឱ្យប្រជាជនម៉ាឡេស៊ី រក្សាភាពស្ងៀមស្ងាត់ និងអត់ធ្មត់ផងដែរ កំឡុងការអនុវត្តវិធានការដាក់ប្រទេសក្នុងគ្រាអាសន្ននេះ។
គួរបញ្ជាក់ថា ការសម្រេចព្រះទ័យរបស់ព្រះមហាក្សត្រម៉ាឡេស៊ី កើតមានឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មូហ៍យីដទីន យ៉ាសស៊ីន (Muhyiddin Yassin) កាលពីថ្ងៃចន្ទម្សិលមិញ បានប្រកាសដាក់ចេញចាត់វិធានការរឹតបន្តឹងលើការធ្វើដំណើរ ចាប់ពីថ្ងៃពុធ ទី១៣ ខែមករា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសអាស៊ានមួយនេះ។ បើតាមគេហទំព័រ worldometers ម៉ាឡេស៊ីបច្ចុប្បន្នមានករណីឆ្លង COVID-19 សរុប ១៣៨,២២៤ករណី ក្នុងនោះមានអ្នកស្លាប់សរុប ៥៥៥នាក់ និងជាសះស្បើយឡើងវិញ ១០៩,១១៥នាក់៕