(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ គឺជាខួប៤៥ឆ្នាំ (៥ មករា ១៩៧៦-៥ មករា ២០២១) នៃចំណងអាពាហ៍ពិពាហ៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគូស្រករ១២គូផ្សេងទៀត ដែលរៀបចំដោយខ្មែរក្រហម។
អាពាហ៍ពិពាហ៍ក្រោមរបបអាវខ្មៅ ជាអាពាហ៍ពិពាហ៍ ដ៏សែនសោះកក្រោះគ្មានឡើយសម្លៀកបំពាក់ប្រពៃណី គ្មានឡើយភ្លេងបាយខុនចងចៃ គ្មានឡើយភ្លេងព្រះថោងតោងស្បៃ គ្មានការអញ្ជើញចូលរួមពីសាច់ញាតិ ហើយក៏គ្មានការអញ្ជើញចូលរួមអបអរសាទរពីមិត្តភក្តិនោះឡើយ។ ពោលឈុតអាពាហ៍ពិពាហ៍មានតែអាវខ្មៅ និងមានតែអង្គការប៉ុណ្ណោះធ្វើជាសក្សី នៃអាពាហ៍ពិពាហ៍នេះ។
ក្រោយអាពាហ៍ពិពាហ៍គ្មានឡើយរាត្រីទឹកឃ្មុំ ឬក៏ដំណើរកម្សាន្តទៅកាន់តំបន់កម្សាន្តនានា ដូចគូស្វាមីភរិយានាពេលបច្ចុប្បន្ន។ ក្រោយការរៀបការគ្មានការជួបជុំពិសារភោជនាហារអបអរសាទរនោះឡើយ។ រយៈពេលប្រមាណ ២៨ម៉ោង ក្រោយរៀបការទើបគូស្នេហ៍មួយគូនេះ បានអាហារពេលល្ងាច ជាអាហាររៀបចំឡើងដោយប្រជាពលរដ្ឋ។
រាត្រីទឹកឃ្មុំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើឡើងនៅលើផ្ទះមួយដែលអង្គការបានរៀបចំជូន។ នៅក្នុងផ្ទះផ្សំដំណេកដែលអង្គការបានរៀបចំនោះ ត្រូវសម្រានពីរគូ គឺគូទី១២ និងគូទី១៣ ដែលជាសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
មានគូស្រករខ្មែរជាច្រើនត្រូវបានរៀបចំឡើង និងផ្គូរផ្គងដោយខ្មែរក្រហម ទាំងពួកគេមិនបានស្រឡាញ់គ្នា។ លុះក្រោយពេលរបបខ្មែរក្រហម ត្រូវវាយបំបែកនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ មានគូស្រករខ្លះ ក៏បានសុំបែកគ្នាទៅវិញ។
ដោយឡែកស្នេហាសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលកើតចេញពីបេះដូង និងមានប្រវត្តិជូរចត់យ៉ាងច្រើននោះ នៅតែស្ថិតស្ថេរជាអមតៈ។ ចំណងដៃនៃអាពាហ៍ពិពាហ៍ ក្នុងគ្រាប្រទេសមានសង្រ្គាមនេះ សម្តេចទាំងពីរទទួលបានបុត្រចំនួន៦រូប តែមួយរូបត្រូវបានស្លាប់ពេលចាកចេញពីផ្ទៃភ្លាមៗមកម្ល៉េះគឺ «ហ៊ុន កម្សត់»។
មរតកនៃចំណងស្នេហ៍ដ៏ស្មោះសនេះ បច្ចុប្បន្នសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានបុត្រចំនួន ៥នាក់ (ប្រុស៣នាក់ ស្រី ២នាក់) និងមានចៅ ២២នាក់ (ប្រុស ១២នាក់ ស្រី ១០នាក់)។ ចៅទី២២ បានប្រសូត្រនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១។ ចៅទី២២ ជាបុត្រីរបស់លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកានៃអគ្គនាយកវិទ្យុ និងទូរទស្សន៍បាយ័ន។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា ទោះបីចំណងអាពាហ៍ពិពាហ៍កើតឡើងក្នុងកាលៈទេសៈកម្សត់យ៉ាងណាក៏ដោយ ឲ្យតែចេះថែរក្សាចំណងអាពាហ៍ពិពាហ៍នោះនឹងស្ថិតស្ថេរ និងមានសុខសុភមង្គលជារៀងរហូត។