(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចសាងសង់អាកាសយានដ្ឋានខ្នាតតំបន់មួយនៅក្នុងខេត្តមណ្ឌលគិរី។
ការសម្រេចនេះ ត្រូវបានបង្ហាញតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើជូនឧបនាយករដ្ឋមន្ត្រី អូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក ម៉ៅ ហាវណ្ណាល រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងអភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអៀង។
លិខិតដែលទទួលបាននៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់ថា អាកាសយានដ្ឋាននេះ ត្រូវបានអនុញ្ញាតឱ្យសាងសង់ដោយក្រុមហ៊ុន Powerchina International Group។
ក្នុងលិខិត បានបញ្ជាក់ទៀតថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលដឹកនាំរៀបចំកិច្ចព្រមព្រៀងក្របខណ្ឌជាមួយក្រុមហ៊ុន Powerchina International Group តាមនីតិវិធីជាធរមានដូចបានអនុវត្តន៍កន្លងមក សម្រាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។
ខេត្តមណ្ឌលគិរី ជាខេត្តភូមិភាគឦសាន ដែលមានសក្តានុពលខ្ពស់លើផ្នែកទេសចរណ៍ និងកសិកម្ម។ រាជរដ្ឋាភិបាល ធ្លាប់បានកំណត់ខេត្តតំបន់ភូមិភាគឦសានជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា៕