ភ្នំពេញ ៖ ការចាប់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងដោយកម្លាំងនគរបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នាវេលារសៀលថ្ងៃទី០៣ខែមករា ឆ្នាំ២០២១ ម្សិលមិញ ដោយឃាត់ខ្លួននៅក្នុងទឹកដីខេត្តបាត់ដំបង ។
ជនសង្ស័យរូបនេះ មានឈ្មោះ កែ ចាន់មាន មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ការចាប់ខ្លួនរូបគេ ធ្វើឡើងក្រោយអំពើបាញ់សម្លាប់លោក រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អស់រយះពេល៥ថ្ងៃកន្លងទៅ ។
គួរបញ្ជាក់ថា បច្ចុប្បន្ន សមត្ថកិច្ចជំនាញ បាននឹងកំពុងស្រាវជ្រាវបន្ថែម ក្នុងការបន្តឈានទៅចាប់ខ្លួន ជនសង្ស័យ ដែលជាខ្មាន់កាំភ្លើងបាញ់សម្លាប់ ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។
គួររំលឹកផងដែរ កាលពីវេលាម៉ោង១២និង៤៩នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ មានហេតុការណ៍ បុរសម្នាក់ជានាយរងព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ មានឈ្មោះ រ៉េត ស៊ីណែត អាយុ៤១ឆ្នាំ ( ហៅញ៉ក់ ) ត្រូវបានខ្មាន់កាំភ្លេីងបាញ់ប្រហាជាច្រេីនគ្រាប់បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរបន្ទាប់ពីខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបាញ់ចំនួន៩គ្រាប់ ត្រូវក្បាល១គ្រាប់ ត្រូវខ្លួន២គ្រាប់ ដោយសារតែទំនាស់រឿងគ្រោះថ្នាក់ចរាចរណ៍រហេីយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ដោយឡែកជនដៃដល់បានបេីករថយន្តគេចខ្លួនបាត់។
បើតាមការបញ្ជាក់ពីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ថា មុនកើតហេតុ គេបានឃើញជនដៃដល់ដែលជាខ្មាន់កាំភ្លើង បានជិះរថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស RX300 ពណ៌ខ្មៅ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៉ី លុះជិះមកដល់ចំណុចកើតហេតុ បានបុកពីក្រោយរថយន្ត Ford Rapter របស់ជនរងគ្រោះបណ្តាលឲ្យបែកស្តុបខាងក្រោយ បន្តាប់ពីបុកហើយភាគីទាំងពីរ ក៏បានបើករថយន្តចូលខាង ដើម្បីសម្របសម្រួលគ្នា បន្ទាប់ពីសម្រួលគ្នាអស់រយៈពេលជិតកន្លះម៉ោងហើយក៏មិនត្រូវគ្នា ស្រាប់តែមួយសន្ទុះក្រោយមកទៀតជនសង្ស័យបាន ទាញកាំភ្លើងចេញពីចង្កះ យកមកបាញ់ជនរងគ្រោះ តែម្តងដោយត្រូវចំក្បាល និងដងខ្លួនបណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅកន្លែង។
ក្រោយពេលកើតហេតុសមត្ថកិច្ច បានប្រគល់សពជូនសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី ហើយសមត្ថកិច្ចកំពុងស្វែងរកជនដៃដល់ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ ៕