(ភ្នំពេញ)៖ ក្លិបបាល់ទាត់អង្គរថាយហ្គឺរបានឈានដល់កិច្ចព្រមព្រៀងជាមួយភ្នំពេញក្រោន ក្នុងការនាំយកកីឡាករ សឿត បារាំង មកចូលរួមក្រុមក្នុងលក្ខខ័ណ្ឌខ្ចីជើង ១រដូវកាលពោលគឺរដូវកាលឆ្នាំ២០២១។
គួរដឹងថា សឿត បារាំង គឺជាកីឡាករដែលចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួនជាមួយក្រុមថ្នាលភ្នំពេញក្រោនតាំងពីឆ្នាំ២០១១ ហើយរូបគេក៏ជាកីឡាករជម្រើសជាតិកម្ពុជានៅតាមកម្រិតអាយុនីមួយៗរហូតដល់ក្រុមធំផងដែរ។
បារាំង បានចូលរួមជាមួយឈុតធំភ្នំពេក្រោន នាឆ្នាំ២០១៦ និងបានជាប់ជម្រើសជាតិ U-១៩ ក្នុងឆ្នាំ២០១៧។ រូបគេក៏បានជាប់ក្នុងឈុតធំកម្ពុជា ដោយពេលនោះមានវ័យ ១៧ឆ្នាំ ហើយក៏ជាកីឡាករវ័យក្មេងជាងគេផងដែរ។ បារាំង គឺជាខ្សែការពារស្លាបឆ្វេងដ៏មានទេពកោសល្យមួយរូប កើតនៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ១៩៩៩ (២១ឆ្នាំ) និងមានស្រុកកំណើតនៅក្នុងទឹកដីខេត្តសៀមរាប។
សូមបញ្ជាក់ថា ក្លិបបាល់ទាត់អង្គរថាយហ្គឺរបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់កីឡាករ សឿត បារាំង និងសង្ឃឹមថារូបគេនឹងរួមចំណែកជួយក្លិបទទួលបានជោគជ័យនៅក្នុងរដូវកាលខាងមុខនេះ៕