ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេក្តីជូនដំណឹងស្តីពី ស្ថានភាពអាកាសធាតុ នៅប្រទេសកម្ពុជា។
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក បានបញ្ជាក់ថា តាមរយៈការតាមដាន និងការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុបង្ហាញឱ្យឃើញថា វិសម្ពាធ (Tropical Depression) ដែលបាន និងកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង បានបង្កើនឥទ្ធិពលរបស់ខ្លួនទៅជាកូនព្យុះ ទី២៣ ឈ្មោះ ក្រវាញ (KROVANH)។
តាមការព្យាករព្យុះនេះ នឹងធ្វើដំណើរឆ្ពោះមកទិសខាងលិច ចូលកៀកចុងជ្រោយឥណ្ឌូចិនខាងត្បូង ប្រទេសវៀតណាម នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ហើយនឹងថមថយឥទ្ធិពលទៅជាវីសម្ពាធ (Tropical Depression) នៅពេលចូលមកដល់ទីក្រុងកាន់ធើ និងខេត្តចូដុក ភាគខាងត្បូងប្រទេសវៀតណាម នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ រួចបន្តដំណើរចូលមកខេត្តកំពត និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា។
នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ វិសម្ពាធនេះ បានថយឥទ្ធិពលទៅជាសម្ពាធទាប (Low Pressure) ដើរចូលទៅសមុទ្រប្រទេសកម្ពុជា និងឈូងសមុទ្រថៃ រួចបន្តឆ្ពោះទៅខេត្តស៊ូរ៉ាត់ថានី ប្រទេសថៃ។
លក្ខណៈបែបនេះ នឹងធ្វើឱ្យធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២០ មានស្ថានភាពដូចខាងក្រោម៖
* បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ផ្ទៃមេឃមានពពកច្រើន សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៧°C ទៅ ២០°C ។
* បណ្ដាខេត្តនៅតំបន់វាលទំនាប ផ្ទៃមេឃមានពពកច្រើន សីតុណ្ហភាពអប្បបរមាក្នុង រង្វង់ពី១៨°C ទៅ២១°C នឹងអាចមានភ្លៀងធ្លាក់កម្រិតពីខ្សោយទៅមធ្យម។
* បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ ពិសេសខេត្តកំពត និងខេត្តព្រះសីហនុ ផ្ទៃមេឃមានពពកច្រើនមីដេរដាស សីតុណ្ហភាពអប្បបរមា ក្នុងរង្វង់ពី ២០°C ទៅ ២៣°C នឹងអាចមានភ្លៀងធ្លាក់កម្រិតពីខ្សោយទៅបង្គួរ មានខ្យល់បក់បោកខ្លាំងលាយឡំជាមួយនឹងរលកសមុទ្រមានកម្ពស់ខ្ពស់ៗ។
ក្រសួងធនធានទឹក អំពាវនាវដល់បងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕