(ភ្នំពេញ)៖ ក្រុមជេីងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២០ បឹងកេត បាននាំយកកីឡាករកូនកាត់ខ្មែរ-នូវែលសេឡង់មកកាន់ក្រុមធំ គឺ លឹម អារុណ រ៉េយមិន។
អារុណ ធ្លាប់ជាប់ក្នុងក្រុមយុវជនជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំដែលទៅចូលរួមព្រឹត្តិការណ៍បាល់ទាត់នៅប្រទេសជប៉ុនកាលពីដើមឆ្នាំ២០២០នេះផងដែរ រួមជាមួយមិត្តរួមក្រុម លី ម៉ាឯល ដែលលេងឱ្យបឹងកេត យុវជនអាយុក្រោម ១៨ឆ្នាំ។
យោងតាមគេហទំព័រផ្លូវការរបស់ក្រុមជើងឯក ៤សម័យកាលបឹងកេតបានឱ្យដឹងថា កីឡាករ លឹម អារុណ រ៉េយមិន មានវ័យ ១៧ឆ្នាំ កម្ពស់ ១,៨០ម៉ែត្រ លេងក្នុងតួនាទីជាខ្សែបម្រើ (បម្រើការពារ និងបម្រើប្រយុទ្ធ)។
គួរបញ្ជាក់ផងថា អារុណ ស្ថិតក្នុងក្រុមយុវជនក្លិបបឹងកេត ប៉ុន្តែពុំសូវមានឱកាសបង្ហាញខ្លួននោះទេ ដោយសារតែរូបគេជាប់សិក្សានៅប្រទេសកំណើតនូវែលសេឡង់ ដែលនៅទីនោះរូបគេបានលេងបាល់ទាត់ឱ្យក្លិប Melville United ក្នុងតំបន់ផងដែរ៕