(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួម «កិច្ចប្រជុំកំពូលស្តីពីការប្តេជ្ញាចិត្តពាក់ព័ន្ធនឹងអាកាសធាតុ» នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ តាមរយៈប្រព័ន្ធវីដេអូ ដែលកិច្ចប្រជុំនេះរៀបចំឡើង ដើម្បីប្រារព្ធខួបលើកទី៥ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទទួលបាននៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ។
ការអញ្ជើញចូលរួមកិច្ចប្រជុំនេះ គឺធ្វើឡើងតាមការអញ្ជើញរួមរបស់ លោក អាន់តូនីញ្ញូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ, លោក បូរីស ចនសុន នាយករដ្ឋមន្រ្តីអង់គ្លេស, លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង, លោក សេបាស្ទៀន ភីណេរ៉ា អ៊ីឆែនិក ប្រធានាធិបតីស៊ីលី និងលោក ហ្សូហ្សេប៉េ កុងតេ នាយករដ្ឋមន្រ្តីអ៊ីតាលី។
បើតាមសេចក្តីប្រកាសក្រសួងការបរទេស, កិច្ចប្រជុំកំពូលនេះ នឹងផ្តល់ជាវេទិកាមួយសម្រាប់ភាគីនានានៃអនុសញ្ញាក្របខណ្ឌអង្គការ សហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តថ្មីប្រកបដោយមហិច្ឆតា ដែលទាក់ទងនឹង៖ ទី១៖ ការប្តេជ្ញាចិត្តថ្មី និងបន្ថែមទៀតនៃការចូលរួមរបស់ប្រទេសនីមួយៗ, ទី២៖ យុទ្ធសាស្រ្តរយៈពេលវែងក្នុងការដាក់ចេញទិសដៅទៅរកការបំភាយឧស្ម័នរហូតដល់កម្រិត សូន្យ, ទី៣៖ ការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុពាក់ព័ន្ធនឹងអាកាសធាតុ និងទី៤៖ ផែនការបញ្ចូលការប្តេជ្ញាចិត្តទៅក្នុងការដាក់ចេញគោលនយោបាយនានា។
ក្នុងកិច្ចប្រជុំនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងគូសបញ្ជាក់អំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុទៅលើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម របស់ពិភពលោក ដែលទាមទារការដោះស្រាយតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា។
សម្តេចតេជោ នឹងលើកឡើងផងដែរអំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដោយមានវិធានការ និងយុទ្ធសាស្រ្តច្បាស់លាស់ និងប្រកបដោយប្រសិទ្ធភាព បើទោះបីជាកម្ពុជាមានចំណែកតិចតួចក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សកលក្តី៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៖