(វីលមីងតុន)៖ ប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិក លោក ចូ បៃដិន បានប្តេជ្ញាថា អំឡុងពេលលោកកាន់តំណែង ១០០ថ្ងៃដំបូង ជាប្រធានាធិបតីទី ៤៦ របស់ប្រទេសមហាអំណាចមួយនេះ ពលរដ្ឋអាមេរិកាំងយ៉ាងហោចណាស់ ១០០លាននាក់ នឹងទទួលបានការចាក់វ៉ាក់សាំង COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០។
បន្ថែមពីលើការប្តេជ្ញាចិត្ត ពាក់ព័ន្ធនឹងផែនការចាក់វ៉ាក់សាំងខាងលើនេះ ប្រធានាធិបតីជាប់ឆ្នោតរបស់បក្សប្រជាធិបតេយ្យរូបនេះ ក៏បានសន្យាផងដែរថា លោកនឹងជំរុញឲ្យបើកសាលារៀនឡើងវិញ ព្រមទាំងអូសបន្លាយពេលវេលា នៃការប្រើប្រាស់ម៉ាសបន្ថែមទៀត ដើម្បីកាត់បន្ថយការឆ្លងរាតត្បាតនៃ COVID-19 ដែលកំពុងញំញីសហរដ្ឋអាមេរិកយ៉ាងដំណំ។
នៅក្នុងកិច្ចអត្ថាធិប្បាយមួយពីស្រុកកំណើតរបស់ខ្លួន ក្នុងទីក្រុងវីលមីងតុន (Wilmington) នៃរដ្ឋដេឡាវែរ (Delawre) លោក ចូ បៃដិន បានសង្កត់ធ្ងន់ទៀតថា សភាអាមេរិកនឹងអនុម័ត ឲ្យធ្វើការបញ្ជូនវ៉ាក់សាំង COVID-19 ទៅគ្រប់ទិសទីទាំងអស់ នៅទូទាំងសហរដ្ឋអាមេរិក។ បន្ថែមពីនេះ ការអនុញ្ញាតឲ្យកូនចៅគ្រប់រូប បានចូលរៀននៅសាលាវិញ គឺជាអាទិភាពចម្បងនៃការឡើងកាន់អំណាច ក្នុងអំឡុងពេល ១០០ថ្ងៃដំបូងរបស់លោក ចូ បៃដិន។
លោក ចូ បៃដិន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងអំឡុងពេល ១០០ថ្ងៃ យើងអាចផ្លាស់ប្តូរទិសដៅនៃជំងឺរាតត្បាតនេះ និងធ្វើឲ្យជីវិតរស់នៅក្នុងសហរដ្ឋអាមេរិក ប្រសើរឡើងវិញ។ មិនថាអ្នកមានទស្សននយោបាយបែបណាទេ ការប្រើប្រាស់ម៉ាសជាប្រចាំ នឹងត្រូវធ្វើឡើងសម្រាប់រយៈពេល ១០០ថ្ងៃ»។ លោក ចូ បៃដិន នឹងត្រូវស្បថចូលកាន់តំណែង ជាប្រធានាធិបតីទី ៤៦ របស់អាមេរិកនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១៕