(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ទៅពិនិត្យសំណាកលើកទី២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលរៀបចំដោយក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយស្ថាប័នពាក់ព័ន្ធជាច្រើនទៀតផងដែរ។
ការទៅចូលរួមពិនិត្យសំណាករបស់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ក៏បានចូលរួមអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល បានយ៉ាងល្អត្រឹមត្រូវផងដែរ ដោយពួកគាត់បានពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ ដោយមានការរៀបចំសណ្ដាប់ធ្នាប់ពីអាជ្ញាធរមានសមត្ថកិច្ច។
ដោយឡែក សម្រាប់បរិវេណនៅក្រៅពហុកីឡដ្ឋានជាតិអូឡាំពិក ហាក់មិនទាន់មានការរៀបចំសណ្ដាប់ធ្នាប់បានល្អនោះទេ ពោលអ្នកទៅចូលរួមយកសំណាក មិនបានតម្រង់ជួរគ្នានោះទេ ដោយពួកគាត់ប្រជ្រៀតគ្នាចូលធ្វើឲ្យបាត់សណ្ដាប់ធ្នាប់ ដែលទាមទារឲ្យអាជ្ញាធរពិនិត្យមើលចំណុចនេះផងដែរ។
គួរជម្រាបថា សម្រាប់លទ្ធផលធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» រហូតមកដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានរកឃើញថា មនុស្សចំនួន៣៤នាក់ មានជំងឺកូវីដ-១៩ ខណៈមនុស្សជាង១ម៉ឺននាក់ ត្រូវបានយកសំណាកមកធ្វើតេស្ដ។ ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានការសង្ស័យថាខ្លួន មានប៉ះពាល់ជាមួយអ្នកកើតជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍នេះ មកធ្វើតេស្ដជាបន្ទាន់។
សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៨ ខែធ្នូនេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣៥០នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ចំនួន៣០៧នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៤៣នាក់៕