(ភ្នំពេញ)៖ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បានបញ្ជាក់ប្រាប់ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះថា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ថ្នាក់ដឹកនាំរដ្ឋសភា តំណាងរាស្រ្ត និងមន្រ្តីរដ្ឋសភាទាំងអស់ ព្រមទាំងក្រុមគ្រួសាររបស់ពួកគាត់ផង បានអវិជ្ជមានមេរោគកូវីដ១៩ ក្នុងការធ្វើតេស្តលើកទី១ កាលពីម្សិលមិញនេះ។
លោកបញ្ជាក់ថា ថ្នាក់ដឹកនាំដែលបានចូលរួមធ្វើតេស្តរកមេរោគកូវីដ១៩នេះ រួមមាន សម្តេច ហេង សំរិន, លោក ងួន ញិល អនុប្រធានទី១រដ្ឋសភា លោកស្រី ឃួន សុដារី អនុប្រធានទី២រដ្ឋសភា, ប្រធានគណៈកម្មការទាំង១០ នៃរដ្ឋសភា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ, លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្តេចចៅហ្វាវាំង គង់ សំអុល ផងដែរ។
ទោះជាយ៉ាងនេះក្តី សម្តេចប្រធានរដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងរាស្រ្តទាំងអស់ នឹងនៅតែបន្តធ្វើចត្តាឡីស័ក ក្នុងរយៈពេល១៤ថ្ងៃ ស្របតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ នៅក្នុងសហគមន៍កម្ពុជា។ នេះបើតាម លោក ឡេង ប៉េងឡុង។
ការធ្វើតេស្តរកមេរោគកូវីដ១៩ ទៅលើថ្នាក់ដឹកនាំ តំណាងរាស្រ្ត និងមន្រ្តីរដ្ឋសភា ព្រមទាំងក្រុមគ្រួសារនាពេលនេះ បានធ្វើឡើងបន្ទាប់ពីមានតំណាងរាស្រ្តម្នាក់ គឺ លោក ឡូយ សុផាត បានប្រាស្រ័យទាក់ទងទៅនឹង លោក ឆែម សាវុធ ដែលត្រូវបានរកឃើញមានផ្ទុកមេរោគកូវីដ១៩។ ទោះជាយ៉ាងនេះក្តី ក្នុងការធ្វើតេស្តទៅលើ លោក ឡូយ សុផាត ក៏ទទួលបានលទ្ធផលអវិជ្ជមានកូវីដ១៩ ផងដែរ។
កម្ពុជាជាបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាលើកដំបូង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើក្រុមគ្រួសារអគ្គនាយកពន្ធនាគារកម្ពុជា រួមនឹងអ្នករស់នៅជាមួយ។ ដោយសារតែករណីឆ្លងកូវីដថ្មីលើកនេះ មិនមានប្រភពច្បាស់លាស់ថាចេញមកពីណានោះ ទើបសម្តេចតេជោ ហ៊ុន សែន ហៅករណីនេះថាជាព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា៕