(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ១១កេីត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំនួន១ពាន់ដុល្លារ ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២០។
ក្នុងសារលិខិតនោះមានខ្លឹមសារថា៖ «ខ្ញុំម្ចាស់ ព្រមទាំងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា មានសេចក្ដីរីករាយឥតឧបមាដោយបានទទួលនូវព្រះរាជទ្រព្យចំនួន ១,០០០USD (មួយពាន់ដុល្លារអាមេរិក) អំពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២០ តាមរយៈ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង»។
ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្រ្តី និងបុគ្គលិកទាំងអស់នៃកាកបាទក្រហមកម្ពុជា «ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ ក្រាបបង្គំទូលថ្វាយអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជទានព្រះរាជទ្រព្យនេះ ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សម្រាប់ជួយសង្គ្រោះប្រជារាស្រ្តកម្ពុជាក្រីក្រទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ»។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងបញ្ជាក់ថា «ខ្ញុំម្ចាស់ សូមបួងសួងគុណបុណ្យព្រះរតនត្រ័យ តេជៈបារមីនៃវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ព្រះបារមីទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យបវរមហាប្រសើរ ថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការ គង់ប្រថាប់ក្នុងព្រះមហាសិរីរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្រ្តកម្ពុជា ជ្រកកោនតរៀងទៅ»។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទូលថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៖