(ភ្នំពេញ)៖ ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ី និងលេខ៣នៅលើពិភពលោក (ក្នុង ចំណោម១៦៦ប្រទេស) ជាប្រទេសដែលមានស្ថានភាពគ្រប់គ្រងជំងឺកូវីដ-១៩ និងផលប៉ះពាល់ពីជំងឺបានល្អជាងគេ។ នេះបើតាមរបាយការណ៍ Le Bureau de Prospective Economique របស់ប្រទេសសេណេហ្កាល់ ស្តីអំពីសន្ទស្សន៍ នៃស្ថានភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩។
នៅលើ Facebook របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាលកម្ពុជា បានបង្ហោះបន្តពីរបាយការណ៍នេះ ដោយសរសេរថា៖ «កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងពិភពលោក (ក្នុង ចំណោម១៦៦ប្រទេស) និងលេខ១ នៅអាស៊ី ជាប្រទេសដែលមានស្ថានភាពគ្រប់គ្រងជំងឺកូវីដ-១៩ និងផលប៉ះពាល់ពីជំងឺបានល្អជាងគេ នេះបើតាមរបាយការណ៍ Le Bureau de Prospective Economique»។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការនានាយ៉ាងមានប្រសិទ្ធភាព រយៈពេលជិង១ឆ្នាំ កន្លងមកនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលក្នុងនោះមានការរឹតត្បិតចំពោះការចេញចូលក្រៅប្រទេស រួមទាំងវិធានការការពារដល់ការចម្លងកូវីដ១៩ នៅក្នុងប្រទេសផងដែរ។
រហូតមកដល់ពេលនេះ កម្ពុជាមិនមានការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍នោះទេ ដែលភាគច្រើនជាករណីនាំចូល។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាមានរកឃើញអ្នកឆ្លងសរុប៣០៥នាក់ (ស្ត្រី៦២នាក់ និងបុរស ២៤៣នាក់) ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ២៩៥នាក់ និងកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន១០នាក់៕