ភ្នំពេញ)៖ ការអនុញ្ញាតរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈសារសំឡេងពិសេសមួយនៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីព្រឹត្តិការណ៍ «៣វិច្ឆិកា» ត្រូវបានបិទបញ្ចប់។
ការរៀបចំអាពាហ៍ពិពាហ៍, សាលារៀនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល, ពហុកីឡដ្ឋានជាតិអូឡាំពិក សកម្មភាពកីឡា, សារមន្ទីរ និងរោងភាពយន្ត ត្រូវបានរាជរដ្ឋាភិបាលសម្រេចផ្អាក និងរឹតត្បិតសកម្មភាព បន្ទាប់ពីកើតមានព្រឹត្តិការណ៍ «៣វិច្ឆិកា»។
តែមកដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នា២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ព្រឹត្តិការណ៍ «៣វិច្ឆិកា» បានបិទបញ្ចប់ហើយ បន្ទាប់ពីអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលប្រមាណ ១,៤២២នាក់ ត្រូវបានធ្វើតេស្តរកមេរោគកូវីដ១៩ ជាលើកទី៤ ហើយមិនមាននរណាកើតមានជំងឺនេះនោះឡើយ។
ក្នុងសារណែនាំពិសេសទៅកាន់អាជ្ញាធរពាក់ព័ន្ធ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ «ខ្ញុំសូមស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គ្រប់ខេត្ត រាជធានី ស្រុក ឃុំ សង្កាត់ ដែលមានការរៀបអាពាហ៍ពិពាហ៍ គឺអនុញ្ញាតឱ្យបងប្អូនរៀបការទៅ។ ជាទម្លាប់ប្រពៃណីខ្មែររបស់យើងចាប់ពីខែនេះ រហូតដល់ចូលវស្សា ជាពិសេសរដូវរំហើយនេះ មានរៀបអាពាហ៍ពិពាហ៍។ ដូច្នេះសូមសម្រួលឱ្យមានការរៀបអាពាហ៍ពិពាហ៍ គ្រាន់តែឱ្យយកចិត្តទុកដាក់ទៅលើបញ្ហាទាក់ទងនឹងការអនាម័យ ទាក់ទងនឹងអ្វីជាតម្រូវការការណែនាំរបស់ក្រសួងសុខាភិបាលតែប៉ុណ្ណោះ»។
សម្តេចតេជោ បានបន្ថែមថា «ប្រយ័ត្ននៅតែប្រយ័ត្ន ក៏ប៉ុន្តែយើងមិនត្រូវបិទដង្ហើមសេដ្ឋកិច្ច និងចលនាសេដ្ឋកិច្ចសង្គមផ្សេងទៀតដែរទេ។ ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាហ្នឹង ពិនិត្យមើលគ្រាន់តែជួយសម្រួល ដើម្បីរំលឹកឱ្យបងប្អូនជានិច្ចកាលឱ្យមានការប្រុងប្រយ័ត្ន ដូចជាការវាស់កម្តៅ ការលាងដៃ គម្លាតសុវត្ថិភាពជាដើម។ នេះជាតម្រូវការរបស់ប្រជាជនយើង ដែលត្រូវការរៀបការ»៕