(ភ្នំពេញ)៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញមកច្រានចោលទាំងស្រុង នូវព័ត៌មានប្រឌិត ដែលកាត់តរូបភាពសម្តេចតេជោ ហ៊ុន សែន បង្ហោះក្នុង Youtube មួយ ដោយបានបំភ្លៃព័ត៌មានពាក់ព័ន្ធនឹងសុខភាពរបស់សម្តេច។
ជាមួយគ្នានេះ លោកជំទាវបានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ស្វែងរកចាប់ខ្លួនជនបំភ្លៃការពិតបំពុលសង្គមនេះ យកមកចាត់ការតាមផ្លូវច្បាប់។
លោកជំទាវ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុងនូវការផ្សាយព័ត៌មានប្រឌិតនេះ។ សុំមេត្តាកុំជឿឲ្យសោះ ហើយសូមអាជ្ញាធរមានសមត្ថកិច្ច ជួយចាត់ការតាមផ្លូវច្បាប់ផង សូមអរគុណ»។
សូមជម្រាបថា ក្រសួងសុខាភិបាលជាញឹកញាប់ តែងតែចេញមកទាត់ចោល នូវព័ត៌មានប្រឌិតបំភ្លៃសង្គម ដែលបង្ហោះក្នុងគណនី Facebook និង Youtube ពិសេសព័ត៌មានពាក់ព័ន្ធនឹងស្ថានភាពនៃជំងឺកូវីដ១៩។ ក្រៅពីច្រានចោលក្រសួងក៏អំពាវនាវ ឲ្យមានការស្វែងរកចាប់ខ្លួនជនបំពុលសង្គមនេះ មកចាត់វិធានការតាមផ្លូវច្បាប់ផងដែរ៕