(កូរ៉េខាងជើង)៖ នៅទីបំផុតមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបង្ហាញមុខជាសាធារណៈលើកដំបូង បន្ទាប់ពីបាត់មុខអស់រយៈពេលប្រមាណ២០ថ្ងៃ នេះបើយោងតាមសារព័ត៌មានរដ្ឋផ្លូវការរបស់កូរ៉េខាងជើង KCNA ចេញផ្សាយនៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០នេះ។
លោក គីម ជុងអ៊ុន ត្រូវបានបង្ហាញខ្លួនជាសាធារណៈនៅក្នុងកម្មវិធីកាត់ខ្សែបូរសម្ពោធរោងចក្រផលិតជីមួយកន្លែង ហើយប្រជាពលរដ្ឋដែលចូលរួមក្នុងកម្មវិធីនោះបានទះដៃអបអរសាទរយ៉ាងខ្លាំង នៅពេលលោក គីម ជុងអ៊ុន បង្ហាញខ្លួន។
សេចក្តីរាយការណ៍ពី KCNA បានឲ្យដឹងយ៉ាងដូច្នេះថា «អ្នកចូលរួមទាំងអស់បាននាំគ្នាទះដៃ និងស្រែកហ៊ោយ៉ាងកងរំពង ដើម្បីបង្ហាញនូវការស្វាគមន៍យ៉ាងខ្ពង់ខ្ពស់បំផុត ទៅដល់មេដឹកនាំកំពូល ដែលបាននាំមកនូវការផ្លាស់ប្តូរថ្មីមួយ»។
រោងចក្រដែលលោក គីម ជុងអ៊ុន បានចូលរួមបើកសម្ពោធខាងលើនេះ គឺជារោងចក្រផលិតជីឈ្មោះ សូជុន (Sunchon Phosphatic Fertilizer)។ កម្មវិធីទាំងមូលត្រូវបានប្រារព្ធឡើងនៅចំថ្ងៃទី០១ ខែឧសភា ដែលត្រូវជាទិវាពលកម្មអន្តរជាតិ ខណៈមនុស្សម្នាទូទាំងពិភពលោក ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាក។
គួរបញ្ជាក់ថា នៅអំឡុងពិធីបើកសម្ពោធខាងលើនេះ ប្រមុខដឹកនាំ គីម ជុងអ៊ុន បានចុះទៅធ្វើការពិនិត្យដោយផ្ទាល់ នៅតាមកន្លែងសំខាន់ៗក្នុងរោងចក្រដូចជា កន្លែងកែច្នៃវត្ថុធាតុដើម, ដំណើរការផលិតជារួម និងកន្លែងវេចខ្ចប់។ ការបង្ហាញខ្លួនរបស់លោក គីម ជុងអ៊ុន នៅថ្ងៃសុក្រម្សិលមិញនេះ គឺជាការបិទបញ្ចប់ទាំងស្រុង នូវពាក្យចចាមអារ៉ាមអំពីអាយុជីវិត និងសុខភាពរបស់លោក ដែលពិភពលោកទាំងមូលចង់ដឹងជាខ្លាំង៕