(ភ្នំពេញ)៖ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងល្អថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីម្នាក់ទៀតហើយ ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់១២០នាក់ ហើយពុំមានករណីអ្នកឆ្លងជំងឺកូវីដថ្មីទេ។
ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន២នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ។
អ្នកដែលជាសះស្បើយជា បុរសជនជាតិខ្មែរ អាយុ ៥៨ឆ្នាំ ស្នាក់នៅក្នុងសណ្ឋាគារមួយ នៅក្រុងព្រះសីហនុ (ជាអ្នកប៉ះពាល់ផ្ទាល់ ជាមួយក្រុមអ្នកទេសចរបារាំង មានវីរុសកូវីដ-១៩ នៅក្រុងព្រះសីហនុ និង ជាអ្នកគ្រប់គ្រង និងធ្វើបដិសណ្ឋារកិច្ចផ្ទាល់ជាមួយ ភ្ញៀវទេសចរបារាំងទាំងអស់នោះ) ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពី បន្ទប់ព្យាបាលក្នុងសណ្ឋាគារមួយ នៅក្រុងព្រះសីហនុ៕