(ញូដេលី)៖ នាថ្ងៃសុក្រនេះរដ្ឋាភិបាលឥណ្ឌាបានប្រកាសថា ខ្លួននឹងអូសបន្លាយពេលវេលានៃការអនុវត្តវិធានការបិទប្រទេស រយៈពេល២សប្តាហ៍ទៀត រាប់ចាប់ពីថ្ងៃទី០៤ ខែឧសភា ដើម្បីបន្តកាត់បន្ថយការឆ្លងរាតត្បាតនៃជំងឺ COVID-19 នៅក្នុងប្រទេស ដែលមានប្រជាជនសរុបជាង១.៣៨ពាន់លាននាក់នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២០។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃឥណ្ឌា កំឡុងការបិទប្រទេសនេះ ការធ្វើដំណើរឆ្លងរដ្ឋនឹងនៅតែមិនអនុញ្ញាត ដដែល ប៉ុន្តែអាជ្ញាធរនឹងបន្ធូបន្ថយការរឹតត្បិត នៅតាមតំបន់ដែលពុំមានករណីឆ្លងថ្មីៗនៃ COVID-19 ដើម្បីឲ្យសកម្មភាពសេដ្ឋកិច្ច អាចដើរឡើងវិញខ្លះ បន្ទាប់ពីជាប់គាំង ក្រោយពេលបទបញ្ជាដ៏តឹងរ៉ឹងនេះ ត្រូវបានដាក់ចេញនៅទូទាំងប្រទេសឥណ្ឌា កាលពីថ្ងៃទី ២៥ ខែមីនា។
គួរជម្រាបថា នេះគឺជាការពន្យារពេលលើកទីពីរហើយនៃវិធានការបិទប្រទេសនៅឥណ្ឌា ដោយការពន្យារពេលលើកទីមួយ គឺត្រូវផុតនៅថ្ងៃទី០៣ ខែឧសភា គឺថ្ងៃអាទិត្យសប្តាហ៍នេះ។ បើទោះជាកំពុងស្ថិតក្រោមការបិទប្រទេសជិត៤០ថ្ងៃមកហើយក៏ដោយ បច្ចុប្បន្នចំនួនអ្នកឆ្លង COVID-19 នៅឥណ្ឌាបានកើនដល់៣៥,៣៦៥នាក់ ក្នុងនោះស្លាប់១,១៥២នាក់ គិតត្រឹមយប់ថ្ងៃសុក្រនេះ ខណៈកាលពីថ្ងៃទី២៥ ខែមីនា ជាពេលដែលវិធានការបិទប្រទេសត្រូវបានដាក់ចេញ គឺមានអ្នកឆ្លងត្រឹមជាង ៦០០នាក់ និងស្លាប់១០នាក់ប៉ុណ្ណោះ៕