(ភ្នំពេញ)៖ មនុស្ស៤នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ ចាប់ខ្លួន រួមជាមួយថ្នាំញៀនជិតមួយគីឡូក្រាម ពេលកំពុងអនុវត្តការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅតាមផ្លូវសាធារណៈ។ ការចាប់ខ្លួននេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវ២១៧ ស្ថិតក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា មុនកើតហេតុកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវ ក្រោយមកបុរស២នាក់ជិះម៉ូតូម៉ាក ហុងដាវ៉ៃវ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1BC-1241 មិនពាក់មួកសុវត្ថិភាព។ ពេលនគរបាលឃាត់ខ្លួន ក៏ឆែករកឃើញថ្នាំញៀនជាច្រើនកញ្ចប់តែម្ដង។
ក្រោយឃាត់ខ្លួនកម្លាំងនគរបាលជំនាញ បានបញ្ជូនទៅសួរនាំភ្លាមនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល រួចបន្ដតែឆែកបន្ទប់ជួលស្ថិតក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ និងឈានដល់ការ ឃាត់ខ្លួនមនុស្ស២នាក់ទៀត ដែលជាបក្ខពួកជនសង្ស័យ។
ជនសង្ស័យទី១៖ ឈ្មោះ សខ លីន អាយុ៣៩ឆ្នាំ, ទី២៖ ឈ្មោះ ហុង បុរី ភេទស្រី អាយុ២០ឆ្នាំ, ទី៣៖ ឈ្មោះ វ៉ាន់ ធី អាយុ១៨ឆ្នាំ និងទី៤៖ ឈ្មោះ ហ៊ិន សុបិន។ កម្លាំងជំនាញដកហូតបាន រួមមាន ថ្នាំក្រាមសថ្លាសរុប២០កញ្ចប់, ជញ្ជីងអេឡិត្រូនិចចំនួនមួយ, ថង់ប្លាស្ទិចមួយចំនួន, ដែកចុងស្រួចចំនួន២, ទីបសោលេខ៨ និងទូរស័ព្ទដៃ២គ្រឿង និងម៉ូតូមួយគ្រឿង។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី៕