(ព្យុងយ៉ាង)៖ មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានទទួលសារឆ្លើយតបពីប្រធានាធិបតីស៊ីរី លោក បាស្សា អាល់ អាសាដ វិញហើយ បន្ទាប់ពីលោកបានផ្ញើសារមួយទៅទីក្រុងដាម៉ាស់ កាលពីមួយសប្តាហ៍មុន។ នេះបើតាមប្រភពពី KCNA ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២០។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក គីម បានទទួលលិខិតសម្ដែងការអរគុណពីលោក អាសាដ កាលពីថ្ងៃអង្គារ បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងរូបនេះផ្ញើសារលិខិតមួយច្បាប់ ដើម្បីអបអរសាទរ និងជូនពរនាឱកាសពិធីបុណ្យឯករាជ្យជាតិរបស់ប្រទេសស៊ីរី។ នៅក្នុងលិខិតនេះដដែល លោក អាសាដ បានបង្ហាញពីជំនឿថា ទំនាក់ទំនងជាប្រវត្តិសាស្ត្រនៃកូរ៉េខាងជើង និងស៊ីរី នឹងបន្តរីកចម្រើន និងកាន់តែរឹងមាំឡើង ដោយឈរលើមូលដ្ឋានគិតគូរពីផលប្រយោជន៍រួម នៃប្រជាជនប្រទេសទាំង ២ ហើយព្រមទាំងបានជូនពរឱ្យលោក គីម មានសុខភាព និងកូរ៉េខាងជើងស្គាល់ភាពរុងរឿងផងដែរ។
លោក គីម ជុងអ៊ុន កាលពីថ្ងៃទី២២ ខែមេសា បានផ្ញើសារទៅកាន់លោក បាស្សា អាល់ អាសាដ ដើម្បីអរគុណប្រធានាធិបតីស៊ីរីរូបនេះ ដែលបានផ្ញើសារ ជូនពរក្នុងថ្ងៃខួបកំណើតទី១០៨ នៃជីតារបស់លោក គឺលោក គីម អ៉ីលស៊ុងផងដែរ។ ប្រកាសអំពីសារលិខិតខាងលើនេះ បានកើតមានឡើង ចំពេលដែលពិភពលោកទាំងមូល កំពុងតែចង់ដឹង អំពីរឿងរ៉ាវពិតប្រាកដ ដែលស្ថិតនៅពីក្រោយការអវត្តមានរបស់លោក គីម ជុងអ៊ុន នារយៈពេល ២០ថ្ងៃមកនេះ៕