(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារ ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានសភាអនុម័តទាំងស្រុងនៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយសំឡេង១១៦ លើ១១៦។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានសភាអនុម័តទាំងស្រុងក្នុងសម័យប្រជុំលើកទី៥ នីតិកាលទី៦ ដែលកិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព របស់សម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា។
ផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥០០០ ត្រូវបានកម្ពុជា- វៀតណាម រៀបចំពិធីពិធីប្រគល់និងទទួល កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយ ខេត្តតៃនិញ វៀតណាម ដែលគណៈប្រតិភូកម្ពុជាដឹកនាំដោយ លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង និងគណៈប្រតិភូវៀតណាមដឹកនាំដោយ លោក ឡេ ហួយទ្រុង អនុរដ្ឋមន្រ្តី នៃក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកវៀតណាម។
ការរៀបចំប្រគល់ទទួលផែនទីនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម បានចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែនប្រទេសទាំងពីរ ដែលសម្រេចបានចំនួន ៨៤ភាគរយ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ។
យោងតាមសេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា ពិធីសារ ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម គឺជាឯកសារបច្ចេកទេស ដែលបានកត់ត្រាទុកយ៉ាងលម្អិតខ្សែព្រំដែនគោក រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម និងអមដោយផែនទីឋានលេខាព្រំដែនគោកខ្នាត ១/២៥០០០ ចំនួន ៩២ផ្ទាំង ដែលមានរំលេចបង្គោលព្រំដែន នៅលើផែនទី និងមានកត់ត្រានិយាមកាច្បាស់លាស់ ដើម្បីកត់សម្គាល់សមិទ្ធផល ៨៤% ដែលប្រទេសទាំងពីរសម្រេចបាន រួមនិងឧបសម្ព័ន្ធចំនួន ៤ទៀត រួមមាន៖
១៖ តារាងចុះលេខបង្គោលព្រំដែន
២៖ តារាងនិយាមកា និងរយៈកម្ពស់បង្គោលព្រំដែន
៣៖ តារាងរាយនាមកម្មសិទ្ធិដីកោះ នៅតាមខ្សែព្រំដែនផ្លូវទឹក
៤៖ តារាងបញ្ជីកំណត់ព្រំដែន ដែលពុំទាន់ធ្វើបញ្ចប់ខណ្ឌសីមា និងបោះបង្គោលព្រំដែន៕