(ហាណូយ)៖ ព្យុះទីហ្វុង ម៉ូឡាវ (Molave) ដែលបាននិងកំពុងបោកបក់ភាគកណ្តាលប្រទេសវៀតណាម នៅព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០នេះបានផ្តាច់ជីវិតមនុស្សម្នាក់ ខណៈអ្នកនេសាទ ១២នាក់ទៀតកំពុងបាត់ខ្លួន ខណៈឥទ្ធិពលនៃព្យុះកំណាចនេះត្រូវបានគេគណនាថា ខ្លាំងក្លាបំផុតមិនធ្លាប់មាននោះឡើយនៅវៀតណាម ក្នុងរយៈពេល ២០ឆ្នាំកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយ CNA ដកស្រង់ចេញពីទីភ្នាក់ងារព័ត៌មានរដ្ឋវៀតណាម VNA។
អាជ្ញាធរវៀតណាមបានឲ្យដឹងទៀតថា មនុស្សម្នាក់ដែលបានបាត់បង់ជីវិតនោះ គឺជាបុរសតែត្រូវបានខ្យល់ព្យុះល្បឿន ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង បោកទម្លាក់ពីលើដំបូលផ្ទះរបស់ខ្លួន ស្ថិតនៅក្នុងខេត្ត ក្វាងង៉ៃ (Quang Ngai)។ ដោយឡែកទូកសង្គ្រោះចំនួនពីរគ្រឿង ត្រូវបានអាជ្ញាធរវៀតណាមបញ្ជាឲ្យចេញទៅរក ក្រុមអ្នកនេសាទសរុប ១២នាក់ ដែលកំពុងបាត់ខ្លួននៅដែនសមុទ្រនៃខេត្ត ប៊ិញឌិញ (Binh Dinh) នៅថ្ងៃពុធនេះ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃពុធនេះមនុស្សសរុបតែ ៤០,០០០នាក់ប៉ុណ្ណោះ ដែលត្រូវបានជម្លៀសទៅកាន់ទីជម្រកសុវត្ថិភាព ស្ថិតនៅតាមបណ្តាខេត្តភាគកណ្តាលវៀតណាម ខណៈអាជ្ញាធរគ្រោងជម្លៀសមនុស្សរហូតដល់ ១.៣លាននាក់ឯណោះ។ សាលារៀន និងអគាររដ្ឋមួយចំនួន បានក្លាយជាទីជម្រកបណ្តោះអាសន្ន សម្រាប់មនុស្សម្នាស្នាក់នៅ ដើម្បីគេចចេញពីព្យុះកំណាច Molave ខណៈជើងហោះហើរយន្តហោះជាង ២០០ជើងត្រូវបានលុបចោល។
ខេត្តភាគកណ្តាលវៀតណាមត្រូវបានគេមើលឃើញថា មិនទាន់បានរៀបចំសណ្តាប់ធ្នាប់ឡើងវិញរួចរាល់នៅឡើយទេ ក្រោយពីបានរងគ្រោះដោយទឹកជំនន់ កាលពីដើមខែតុលានេះ ដែលបានសម្លាប់មនុស្ស ១៣៦នាក់ និងជាង ២០នាក់ទៀតបាត់ខ្លួន ហើយឥឡូវនេះព្យុះកំណាចក៏បាននិងកំពុងបោកបក់បន្ថែមទៀត ដោយវាត្រូវបានអាជ្ញាធរព្រមានថា នឹងបង្កជាគ្រោះទឹកជំនន់ និងការរអិលបាក់ដីផងដែរ៕