(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេដូកម្ពុជា បានក្រើនរំឮកកីឡាករ-កីឡាការិនីការ៉ាតេទាំងអស់ ត្រូវពង្រឹងការហ្វឹកហាត់ឲ្យបានកាន់តែខ្លាំង ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលនៅសល់រយៈពេលតែ ២ឆ្នាំកន្លះទៀតប៉ុណ្ណោះ។
ការថ្លែងបែបនេះបានធ្វើឡើងក្នុងពិធីបើកការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ ការប្រកួតនេះ មានប្រតិភូ និងកីឡាករ-កីឡាការិនីចូលរួមសរុប ២៣៦នាក់មកពី ២៣ក្លិបទូទាំងរាជធានី-ខេត្ត ខណៈពិធីបិទ គ្រោងនឹងធ្វើឡើងនាថ្ងៃទី២៥ ខែតុលាខាងមុខ។
រដ្ឋលេខាធិការក្រសួងទេសខាងលើបានគូសបញ្ជាក់ថា បច្ចុប្បន្នសហព័ន្ធកំពុងខិតខំប្រឹង ដើម្បីធ្វើឲ្យប្រភេទកីឡានេះមានសក្ដានុពល ឈានទៅទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣។ ប៉ុន្ដែទន្ទឹមជាមួយគ្នា គ្រប់កីឡាករ-កីឡាការិនីទាំងអស់ក៏ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ ដុះខាត់សមត្ថភាព និងបច្ចេកទេស ដើម្បីត្រៀមប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិ ក្នុងឋានៈជាម្ចាស់ផ្ទះផងដែរ។
លើសពីនេះក្រសួងអប់រំ ក៏បានអនុញ្ញាតឲ្យសហព័ន្ធធ្វើម្ចាស់ផ្ទះការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ ក៏ដូចជាការត្រៀមប្រកួតមុនស៊ីហ្គេម ឬ Pre-SEA Games ឆ្នាំ២០២០ ដែលជាពេលវេលាដ៏ល្អ ដើម្បីវាស់ស្ទង់សមត្ថភាព និងបន្ថែមនូវបទពិសោធន៍ ពិសេសពង្រឹងគុណផលកីឡាកម្រិតខ្ពស់ បាញ់ឆ្ពោះទៅរកភាពជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ លោក វ៉ាត់ ចំរើន បន្ថែម។
ដោយហេតុនេះលោកបានវាយតម្លៃខ្ពស់ចំពោះការខិតខំរួមគ្នារបស់សហព័ន្ធ និងបណ្តាក្លិបនានាទូទាំងប្រទេស ក្នុងការជ្រើសរើសកីឡាករ-កីឡាការិនីចូលរួមប្រកួតជើងឯកថ្នាក់ជាតិនេះ ដើម្បីវាស់ស្ទង់ឲ្យកាន់តែមានសមត្ថភាពល្អប្រសើរ។ លោកបានលើកទឹកចិត្តឲ្យអ្នកពាក់ព័ន្ធក្នុងវិស័យកីឡាការ៉ាតេឲ្យបន្តការខិតខំបន្ថែមទៀត ក្នុងស្មារតីរួមមួយ ដើម្បីវិស័យកីឡាការ៉ាតេ និងដើម្បីជោគជ័យនៅស៊ីហ្គេម ឆ្នាំ២០២៣៕