(វ៉ាស៊ីនតោន)៖ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានប្រកាសអនុញ្ញាតឱ្យប្រើប្រាស់ថ្នាំប្រឆាំងវីរុសកូរ៉ូណា (COVID-19) របស់ក្រុមហ៊ុនផលិតឱសថ ជីលីដ (Gilead Science) សម្រាប់ព្យាបាលអ្នកជំងឺ COVID-19 ដែលកំពុងសម្រាកនៅឯមន្ទីរពេទ្យហើយ ដែលថ្នាំនេះគឺជាថ្នាំដំបូងគេបង្អស់ ដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ សម្រាប់ព្យាបាលជំងឺនេះនៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០។
រ៉េមដេស៊ីវា (Remdesivir) គឺជាថ្នាំមួយក្នុងចំណោមថ្នាំតែប៉ុន្មានមុខប៉ុណ្ណោះ ដែលត្រូវបានប្រើប្រាស់នៅក្នុងដំណើរការព្យាបាល ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ ការអនុញ្ញាតឱ្យប្រើប្រាស់ថ្នាំ Remdesivir ជាផ្លូវការរបស់ FDA បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនការតស៊ូមតិលើកចុងក្រោយរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជាមួយនឹងដៃគូប្រជែងរបស់លោក គឺលោក ចូ បៃដិន ដែលបានធ្វើឡើងនៅមុនការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។
ទោះជាយ៉ាងណាអង្គការសុខភាពពិភពលោក (WHO) កាលពីសប្តាហ៍មុនបានអះអាងថា ការសិក្សាស្រាវជ្រាវរបស់ខ្លួនបានរកឃើញថា ថ្នាំ Remdesivir របស់ក្រុមហ៊ុនផលិតឱសថអាមេរិក Gilead Science មិនអាចកាត់បន្ថយរយៈពេលនៃព្យាបាលអ្នកជំងឺក្នុងមន្ទីរពេទ្យ ឬក៏បង្កើនឱកាសខ្ពស់ក្នុងការរក្សាជីវិតអ្នកជំងឺ COVID-19 ជាងថ្នាំដទៃទៀតនោះទេ។
គួរជម្រាបថា ថ្នាំ Remdesivir បានក្លាយជាថ្នាំម៉្យាងដែលមានស្តង់ដារក្នុងការថែទាំអ្នកជំងឺ COVID-19 ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ទោះបីជាវាមិនបានបង្ហាញពីលទ្ធភាពជួយ ដល់ការរស់រានមានជីវិត ក្នុងអត្រាខ្ពស់ជាងថ្នាំដទៃក៏ដោយ។ ថ្នាំនេះក៏មិនត្រូវបានរកឃើញថា អាចជួយអ្នកជំងឺដែលស្ថិតក្នុងស្ថានភាពមធ្យមដែរ ហើយវេជ្ជបណ្ឌិតជាច្រើននៅតែប្រុងប្រយ័ត្នក្នុងការប្រើប្រាស់វា ចំពោះអ្នកជំងឺដែលមិនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ក្រុមហ៊ុនផលិតឱសថ Gilead Science បាននិយាយថា បច្ចុប្បន្ននេះខ្លួនកំពុងតែព្យាយាមបំពេញតម្រូវការថ្នាំ Remdesivir នៅសហរដ្ឋអាមេរិក ហើយក៏រំពឹងដែរថា នឹងអាចឈានទៅបំពេញតម្រូវការទីផ្សារសកល ចាប់ពីចុងខែតុលានេះតទៅ៕