(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះបានប្រកាសពីការដាក់ដេញថ្លៃលក់ប្រាក់ដុល្លារចំនួន «៥០លានដុល្លារអាមេរិក» ដើម្បីធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ និងពង្រឹងតម្លៃប្រាក់រៀលរបស់កម្ពុជា។
សេចក្តីជូនដំណឹងធនាគារជាតិនៃកម្ពុជា ដែលទទួលបាននៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាក់ឲ្យដឹងថា ធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញថា ក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ១៩ តម្លៃរូបិយវត្ថុភាគច្រើនក្នុងតំបន់បានប្រែប្រួល ដោយសារការថយចុះនៃសកម្មភាពសេដ្ឋកិច្ច ជាពិសេសបានទទួលរងការថយថ្លៃគួរឱ្យកត់សម្គាល់ ដែលក្នុងនោះប្រាក់រៀល ក៏ទទួលសម្ពាធនេះផងដែរ ទោះជាការថយថ្លៃនេះ មានកម្រិតទាបក៏ដោយ។
ធនាគារជាតិនៃកម្ពុជាបញ្ជាក់ទៀតថា ជាក់ស្តែងអត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២០នេះ បានប្រែប្រួលខុសពីបណ្តាឆ្នាំមុនៗ។ ក្នុងគោលដៅរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការពង្រឹងអំណាចទិញនៃប្រាក់រៀល ដែលនឹងរួមចំណែករក្សាស្ថិរភាពថ្លៃឲ្យនៅកម្រិតទាប និងពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធនាគារជាតិនៃកម្ពុជា បានសម្រេចធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដោយប្រកាសដាក់ដេញថ្លៃលក់ប្រាក់ដុល្លារអាមេរិកចំនួន៥០លានដុល្លារអាមេរិក។
បើតាមសេចក្តីជូនដំណឹងការដាក់ដេញថ្លៃលក់ប្រាក់ដុល្លារអាមេរិកនេះ នឹងមានការចូលរួមពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់៕