កំពង់ធំ : ក្នុងសេចក្ដីជូនដំណឹង បានឲ្យដឹងថា យោងតាម សេចក្តីជូនដំណឹងចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ របស់ក្រសួងធនធានទឹក និងឧតុនិយម ប្រទេសកម្ពុជានឹងបន្តទទួលរងនូវ វិសម្ពាធ និងសម្ពាធទាប ដែលជាឥទ្ធិពលនៃព្យុះទី១៧ ឈ្មោះសូដែល។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ ក្នុងខេត្តកំពង់ធំ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ដែលអាចធ្វើឲ្យកម្ពស់ទឹក នៅតាមស្ទឹងនានាក្នុងខេត្ត មានការហក់ដល់កម្រិតប្រកាសអាសន្ន៖
១.ស្ទឹងស្ទោង៖ ត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ កម្ពស់ទឹកឡើងដល់៥,៧០ម៉ែត្រ (កម្រិតប្រកាសអាសន្ន ៥,៨០ម៉ែត្រ)។
២.ស្ទឹងសែន៖
* ស្ថានីយ៍វាស់កម្ពស់ទឹកស្រុកសណ្តាន់៖ ត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ កម្ពស់ទឹក
ឡើងដល់ ១៨,១៦ម៉ែត្រ (កម្រិតប្រកាសអាសន្ន ១៨,៥០ម៉ែត្រ)
* ស្ថានីយ៍វាស់កម្ពស់ទឹកក្រុងស្ទឹងសែន៖ ត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ កម្ពស់ទឹក
ឡើងដល់ ១៣,០៥ម៉ែត្រ (កម្រិតប្រកាសអាសន្ន ១៣,៥០ម៉ែត្រ)
ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ សូមសាធារណជន ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងស្ទឹងសែន និងស្ទឹងស្ទោង មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវរៀបចំសម្ភារ និងឯកសារសំខាន់ៗ និងស្វែងរកទីទួលសុវត្ថិភាពនៅក្បែរបំផុត និងសូមរាយការណ៍ជាបន្ទាន់ ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីមានគ្រោះថ្នាក់ណាមួយកើតឡើង។
លើសពីនោះទៀត រដ្ឋបាលខេត្ដកំពង់ធំ ក៏បានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តតាមដានស្ថានភាពទឹកជំនន់នេះ និងរៀបចំទីទួលសុវត្ថិភាពសមរម្យ និងត្រៀមឧបករណ៍ចាំបាច់ សម្រាប់សង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះ៕