(ព្រះវិហារ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានសម្រេចផ្អាកការធ្វើចរាចរណ៍រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ៩ ផ្លូវជាតិលេខ៦២ ផ្លូវជាតិលេខ៦៤ ផ្លូវជាតិលេខ៩៥ និងផ្លូវខេត្តលេខ២៦២៧ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ក្នុងគោលបំណង ដើម្បីចូលរួមថែរក្សា ផ្លូវ ស្ពាន និងធានាដល់សុវត្ថិភាព បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរផងដែរ។
តាមសេចក្ដីជូនដំណឹងដែលទទួលបាននៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ការផ្អាកធ្វើការចរាចរណ៍ រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទនេះ ដោយសារស្ថានភាព គ្រោះទឹកជំនន់ទឹកភ្លៀង បាននឹងកំពុងជន់ឡើងយ៉ាងខ្លាំង បណ្តាលឲ្យទឹកលិចកំណាត់ផ្លូវខេត្ត និងផ្លូវជាតិមួយចំនួន នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។ ក្នុងស្ថានភាពបែបនេះ ធ្វើឲ្យផ្លូវស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកជញ្ជូនធុនធំបាននោះទេ។
នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ ស្ថានភាពទឹកដងស្ទឹងសែនខេត្តព្រះវិហារបន្តហក់ឡើងខ្លាំងរហូតលើសកម្រិតត្រូវប្រកាសអាសន្ន គឺត្រឹម១១.៥០ម៉ែត្រ។
ជាមួយនឹងការហក់ឡើងខ្លាំង នៃកម្ពស់ទឹកដងស្ទឹងសែនលើសកម្រិតប្រកាសអាសន្ន នៅព្រឹកថ្ងៃនេះ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែង ដល់ទីតាំងមួយចំនួនតាមឃុំស្រុក ដែលកំពុងប្រឈម និងដាក់បទបញ្ជាឲ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រៀមមធ្យោបាយជួយអន្តរាគមន៍សង្រ្គោះបងប្អូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា។
លោកអភិបាលខេត្តព្រះវិហារ ក៏បានអំពាវនាវដល់អាជ្ញាធរដែនដី និងសមត្ថកិច្ចនៅតាមមូលដ្ឋាន ត្រូវតាមដានឃ្លាំមើលស្ថានភាពទឹកនៅតាមតំបន់របស់ខ្លួន គ្រប់ពេលវេលា និងរាយការណ៍ឲ្យបានឆាប់បំផុត ពិសេសត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែនឲ្យមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈបង្ការទុកជាមុន កុំឲ្យមានការបាត់បង់ខូចខាត ទ្រព្យសម្បត្តិ និងរងគ្រោះថ្នាក់ផ្សេងៗទៀតដោយទឹកជំនន់៕