ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវដល់អាជ្ញាធរគ្រប់ខេត្តក្រុងទាំងអស់ យកចិត្តទុកដាក់ទៅលើការការពាទឹកជំនន់ រៀបចំរួចជាស្រេចទីទួលសុវត្តិភាព ដើម្បីសង្គ្រោះប្រជាពលរដ្ឋសិន ។ សម្ដេចថ្លែងយ៉ាងដូច្នេះ ក្នុងការអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងរងការលិចលង់ នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នាយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ ។
ក្នុងឱកាសនោះសម្ដេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា អត្ថិភាពធំជាងគេនៃប្រត្តិបត្តការ គឺត្រូវបញ្ជៀសយ៉ាងណាកុំឱ្យប្រជាជនស្លាប់ដោយការលង់ទឹក ឬលិចទឹកដោយមិនបានទៅជួយពួកគាត់ ។ សម្ដេចបន្តទៀតថា មកដល់ពេលនេះមានមនុស្សស្លាប់ចំនួន១៣នាក់ នៅ្នក្នុងក្រមខណ្ឌទូទាំងប្រទេស ដោយឡែកនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាលដែលមានជំនន់យ៉ាងខ្លាំង តែមិនមានមនុស្សស្លាប់ឡើយ ។
យ៉ាងណាក្ដី សម្ដេចក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលកំពុងរងការវាយប្រហារដោយទឹកជំនន់ ត្រូវតែបង្កើនការប្រុងប្រយ័ត្ន ជាពិសេសសូមកុំបណ្ដោយក្មេងតូចៗឱ្យនៅឆ្ងាយពីយើងឱ្យសោះ ហើយកុំទៅតំបន់ដែលហាមឃាត់ ជាក់ស្ដែងដូចជាកន្លែងដែលមានទឹក ដរាបណាមិនទាន់មានការអនុញ្ញាតពីអាជ្ញាធរនោះ។
សូមជម្រាបថា គិតពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ របាយការណ៍ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងធ្វើឱ្យ ប៉ះពាល់ប្រជាជនប្រមាណ ៤៨,៣១៧គ្រួសារ ស្មើប្រមាណ ១៩៣,២៦៨នាក់, ប្រជាជនជម្លៀសប្រមាណ ៣,០៩៤គ្រួសារ ស្មើប្រមាណ ១២,៣៧៦នាក់ ក្នុងនោះមានប្រជាជនស្លាប់ ១៣នាក់ (ក្មេង ៥នាក់) ផងដែរ ។
ដោយឡែក ផ្ទះប្រជាពលរដ្ឋប្រមាណ ៤៧,៩២៣ខ្នង ត្រូវបានប៉ះពាល់ ដោយខូចខាត ៥០ខ្នង និងសាលារៀនលិចទឹកចំនួន ៤២៥កន្លែង ។ ទន្ទឹមនឹងនោះ ក៏មានស្រូវលិចទឹកប្រមាណ ១៣១,៣២៩ហិកតា ខូចខាតប្រមាណ ៦,៦៥៧ហិកតា និងដំណាំរួមផ្សំលិចទឹក ៥៥,៣៦០ហិកតា ខូចខាតប្រមាណ ៦,៣០១ហិកតា ៕