(ហុងកុង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានអំពាវនាវឱ្យកងទ័ពជាតិត្រូវបង្កើនការតាំងចិត្ត និងប្រមូលផ្ដុំថាមពល ដោយផ្ដោតជាសំខាន់លើការត្រៀមខ្លួនសម្រាប់សេណារីយ៉ូសង្រ្គាម ខណៈភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិក នៅតែស្ថិតក្នុងកម្រិតខ្ពស់នៅឡើយ។ នេះបើតាមការដកស្រង់ព័ត៌មានពី CNN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០។
ការអំពាវនាវខាងលើរបស់លោក ស៊ី ជិនពីង ត្រូវបានធ្វើឡើងកំឡុងពេលលោក បំពេញទស្សនកិច្ចទៅកាន់មូលដ្ឋានកងម៉ារីន នៃកងទ័ពរំដោះប្រជាជនចិនក្នុងទីក្រុង ឆាវចូវ (Chaozhou) ស្ថិតខេត្តក្វាងទុង នៃភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃអង្គារកន្លងទៅ។ កំឡុងនៃដំណើរបំពេញទស្សនកិច្ចនោះ លោក ស៊ី ក៏បានណែនាំឱ្យកងទ័ពចិនទាំងអស់ រក្សាឱ្យបានផងដែរនូវលក្ខណៈប្រុងជើងការខ្ពស់, ភាពស្មោះត្រង់, ភាពបរិសុទ្ធ និងភាពគួរជាទីពឹងសម្រាប់ជាតិទាំងមូល។
គួរជម្រាបថា ដំណើរទស្សនកិច្ចខាងលើ របស់លោក ស៊ី ជិនពីង កើតមានឡើងចំពេលដែលភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិក នៅតែស្ថិតក្នុង កម្រិតខ្ពស់នៅឡើយ និងបន្ទាប់ពីរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ដាក់សំណើលក់អាវុធទំនើបៗបន្ថែម ឱ្យកោះតៃវ៉ាន់ ទៅកាន់សភាត្រួតពិនិត្យ ដែលកំពុងបង្កក្ដៅក្រហាយយ៉ាងខ្លាំង។
ប្រទេសចិនតែងចាត់ទុកកោះតៃវ៉ាន់ ត្រឹមតែជាខេត្តមួយរបស់ខ្លួនតែប៉ុណ្ណោះ ដោយស្របទៅនឹងគោលនយោបាយចិនតែមួយ ដែលអន្តរជាតិបានទទួលស្គាល់។ ប្រទេសក៏តែងតែបានស្នើជារឿយៗផងដែរឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការលក់អាវុធ ហើយកាត់ផ្ដាច់ទំនាក់ទំនងយោធា ជាមួយទីក្រុងតៃប៉ិ។ តែទន្ទឹមគ្នាលោកប្រធានាធិបតី ស៊ី ជិនពីង ក៏ធ្លាប់បានព្រមានដែរថា ចិននឹងប្រើប្រាស់យោធាបង្រួបបង្រួមកោះតៃវ៉ាន់ នៅក្នុងករណីចាំបាច់ ឬនៅពេលណាដែលកោះតៃវ៉ាន់ «ហ៊ានប្រកាសឯករាជ្យ»៕