កណ្ដាល៖ ដើម្បីបញ្ជៀសគ្រោះថ្នាក់ និងមហន្តរាយកាន់តែធ្ងន់ធ្ងរ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានប្រកាសសេចក្ដីជូនដំណឹង ស្ដីអំពីការបិទការធ្វើចរាចរលើកំណាត់ផ្លូវចំនួន០៩ខ្សែ រួមមាន ផ្លូវជាតិលេខ២,៣,៤,៥ ផ្លូវជាតិលេខ២០,២០អា,២១,២១អា និងផ្លូវជាតិលេខ២១បេ ដែលស្ថិតក្នុងភូមិសាស្រ្ត ខេត្តកណ្ដាល ជាបណ្ដោះអាសន្ន ដោយក្រសួងមិនអនុញ្ញាតឱ្យរថយន្ដធន់ធំគ្រប់ប្រភេទឆ្លងកាត់ឡើយ ខណៈកំណាត់ទាំងនេះកំពុងតែរងការវាយប្រហារខ្លាំងដោយជំនន់ទឹកភ្លៀង ។
ការធ្វើឡើងនេះ យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងមតិណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ។
នេះបើយោងតាមសេចក្ដីជូនដំណឹងបានឱ្យដឹងថា ដោយសារគ្រោះទឹកជំនន់ដោយទឹកភ្លៀង បាននឹងកំពុងជន់លិចយ៉ាងខ្លាំង បណ្ដាលឱ្យទឹកលិចកំណាត់ផ្លូវមួយចំនួននៅក្នុងខេត្តកណ្ដាល ស្ថានភាពបែបនេះនឹងអាចធ្វើឱ្យផ្លូវ-ស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់របស់រថយន្ដដឹកទំនិញធន់ធំបានទេ។ ហេតុនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល សូមធ្វើការបិទចរាចររថយន្ដដឹកទំនិញធន់ធំគ្រប់ភេទនៅលើកំណាត់ផ្លូវជាតិចំនួន ០៩ខ្សែខាងលើ ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានសេចក្ដីជូនដំណឹងជាថ្មី ដើម្បីរក្សាផ្លូវ-ស្ពាន កុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍ប្រកបដោយសុវត្តិភាព ៕