(បន្ទាយមានជ័យ)៖ ពន្ធនាគារខេត្តបន្ទាយមានជ័យ រងការវាយប្រហារដោយទឹកជំនន់ ហើយគណៈគ្រប់គ្រងនៅទីនោះ ត្រូវបង្ខំចិត្តជម្លៀសអ្នកជាប់ឃុំទាំងអស់ ទៅពន្ធនាគារខេត្តផ្សេងៗ ដែលនៅក្បែរ។ របាយការណ៍បានឲ្យដឹងថា ចំនួនជនជាប់ឃុំក្នុងពន្ធនាគារនេះ មាន១,៦០០នាក់ ក្នុងនោះស្រី១០០នាក់។
ថ្លែងប្រាប់នៅពេលកំពុងចុះពិនិត្យស្ថានភាពជន់លិចក្នុងមូលដ្ឋាននៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ដោយសារតែស្ថានភាពលិចលង់ខ្លាំង គណៈគ្រប់គ្រងពន្ធនាគារខេត្ត បានសម្រេចជម្លៀសអ្នកជាប់ឃុំចេញទៅពន្ធនាគារខេត្តផ្សេងដែលនៅក្បែរ ដើម្បីកុំឲ្យមានហានិភ័យអ្វីកើតឡើង។
បើតាមអភិបាលខេត្ត ក្រុមហ៊ុន ឡេង ណាវ៉ាត្រា បានជួយរថយន្តក្រុងចំនួន១០គ្រឿង ដើម្បីដឹកអ្នកទោសទៅកាន់កន្លែងមានសុវត្ថិភាពផងដែរ។
ជាមួយគ្នានេះ លោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ ក៏បានឲ្យដឹងដែរថា ជនជាប់ឃុំក្នុងពន្ធនាគារនេះមានចំនួន១,៦០០នាក់ ក្នុងនោះស្រី១០០នាក់។ ទឹកបានហូរចូលមកក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ យ៉ាងគំហុកធ្វើឲ្យមានការលិចអាគាររដ្ឋបាល និងបន្តហូរចូលទៅក្នុងអាគារស្នាក់នៅរបស់ជនជាប់ឃុំ។
បើតាមសេចក្ដីរាយការណ៍ ដើម្បីបញ្ជៀសផលប៉ះពាល់ផ្សេងៗ ថ្នាក់ដឹកនាំពន្ធនាគារបានសម្រេចជម្លៀសចេញបន្ទាន់ ជនជាប់ឃុំទៅកាន់ពន្ធនាគារ នៃខេត្តមួយចំនួនជាបណ្តោះអាសន្ន។ ជំហានដំបូងនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ ជនជាប់ឃុំចំនួន៨១១នាក់ ស្រី៨៥នាក់ ត្រូវបញ្ជូនចេញទៅកាន់ពន្ធនាគារខេត្តសៀមរាម តាមរថយន្តក្រុង។
គួរជម្រាបថា រហូតមកដល់ពេលនេះ ទឹកជំនន់បានវាយប្រហារយ៉ាងខ្លាំងដល់ខេត្តបន្ទាយមានជ័យ។ របាយការណ៍បញ្ជាក់ថា ទឹកជន់លិចនៅស្រុកចំនួន៨ និងឃុំ៣៣ ប៉ះពាល់ប្រជាលរដ្ឋជិត៣ពាន់គ្រួសារ ស្លាប់៥នាក់ និងប៉ះពាល់សន្ទូង និងផលដំណាំផ្សេងៗជិត៦ពាន់ហិកតា។
ស្ថានភាពលំបាកនេះ លោកទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ក្រោមការបញ្ជាផ្ទាល់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចុះតាមដាន និងពិនិត្យជាប់ជាប្រចាំផងដែរ នៅខេត្តកំពុងរងនូវការវាយប្រហារដោយទឹកជំនន់នេះ៕