វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសន្យាថា លោកនឹងទាមទារឱ្យចិនសងការខូចខាតទាំងឡាយ ដែលបានបង្កឡើងដោយជំងឺរាតត្បាតសកល COVID-19 ហើយក៏ចាត់ទុកផងដែរថា លោកបានឆ្លងជំងឺនេះគឺជាការប្រទានពរពីព្រះជាម្ចាស់។ នេះបើតាមដកស្រង់ចេញពីសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០។
នៅក្នុងសារមួយបង្ហោះលើ Twitter កាលពីពេលថ្មីៗនេះ ក្រោយត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ លោក ត្រាំ ក៏បានសង្កត់ធ្ងន់ដែរថា លោកចង់ឱ្យប្រជាជនអាមេរិកដែលឆ្លង COVID-19 ទទួលបានការព្យាបាល និងថ្នាំដូចរូបលោកដែរ។ លោក ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំចង់ផ្ដល់ឱ្យអ្នកនូវអ្វីដែលខ្ញុំបានទទួល… វាមិនមែនជាកំហុសអ្នកឡើយ ដែលរឿងបែបនេះកើតឡើង។ វាជាកំហុសរបស់ចិន ហើយចិននឹងត្រូវសងការខូចខាតដ៏ធំ សម្រាប់ទង្វើដែលពួកគេធ្វើដាក់ប្រទេសមួយនេះ (អាមេរិក)…»។
គួរជម្រាបថា នៅក្នុងវីដេអូខាងលើលោក ដូណាល់ ត្រាំ នៅតែបន្តប្រើពាក្យ «វីរុសចិន» វាយប្រហារលើចិន ខណៈពាក្យមួយនេះត្រូវបានក្រុមសិទ្ធិមនុស្ស និងសមាជិក សភាអាមេរិកមួយចំនួនចាត់ទុកថា ជាចូលរួមចំណែកនាំឱ្យការរើសអើងប្រឆាំងជនជាតិអាស៊ី មានការកើនឡើងនៅក្នុងសហរដ្ឋអាមេរិក។ ប៉ុន្តែស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន មិនទាន់ធ្វើការអត្ថាធិប្បាយអ្វីឡើយ៕