ភ្នំពេញ ៖ កម្មករនិយោជករបស់ក្រុមហ៊ុនស៊ីនទ្រី បានឯកភាព និងបញ្ឈប់នូវរាល់ការធ្វើកូដកម្មហើយនៅរសៀល ថ្ងៃទី៧ ខែតុលា បន្ទាប់ពី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញដោះស្រាយផ្ទាល់ដល់ទីតាំងក្រុមហ៊ុន ស៊ិនទ្រី ដែលស្ថិតនៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ នៅថ្ងៃត្រង់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ។
ជាលទ្ធផល នៃការចរចារភាគីទាំងអស់បានព្រមព្រៀងគ្នា៣ចំណុច គឺ
ទី១ ចំពោះសំណើរបស់កម្មករនិយោជិតទាមទារឲ្យក្រុមហ៊ុនដោះស្រាយពេលបញ្ចប់កិច្ចសន្យា ក្រុមហ៊ុនទទួលដោះស្រាយតាមច្បាប់ស្ដីពីការងារ ហើយរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកធានាខុសត្រូវ។
ទី២ ចំពោះការងាររបស់កម្មករនិយោជិតទៅថ្ងៃខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ ធានាមិនបាត់បង់ឡើយ ទោះបីក្រុមហ៊ុនស៉ិនទ្រី ដេញថ្លៃជាប់ ឬមិនជាប់ក៏ដោយ និងទី៣ សូមឲ្យកម្មករនិយោជិតទាំងអស់នាំគ្នាចូលធ្វើការងារជាធម្មតាវិញ ចាប់ពីរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០តទៅ។
ក្រុមកម្មករក្រុមហ៊ុន ស៉ិនទ្រី បានឲ្យដឹងថា ពួកគាត់មួយចំនួនធំបានឯកភាពធ្វើការវិញ នៅកម្មករមួយចំនួនតូចហាក់នៅមិនទាន់យល់ពីការព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំ ប៉ុន្តែតំណាងពាក់ព័ន្ធបានយល់ព្រមគ្នាហើយ ដូច្នេះតំណាងផ្នែកពាក់ព័ន្ធនឹងបន្តពន្យល់ផ្សព្វផ្សាយដល់ក្រុមកម្មករបន្ថែមទៀត។
មន្ដ្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា កិច្ចប្រជុំដោះស្រាយរបស់អភិបាលរាជធានីភ្នំពេញ ដោយមានការណែនាំពីក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទើបដោះស្រាយបានបញ្ចប់។ ទោះជាយ៉ាងណា ក្នុងអន្ដរកាលនេះ អភិបាលរាជធានីភ្នំពេញ បានណែនាំ និងដាក់ផែនការឲ្យអភិបាលខណ្ឌទាំង១៤ រួមទាំងមន្ដ្រីពាក់ព័ន្ធ បន្តចុះប្រមូលសំរាមជាបណ្ដោះអាសន្ន ក្នុងពេលនេះផងដែរ ហើយក្នុងឱកាសនោះដែរ ឯកឧត្ដម ឃួង ស្រេង បានផ្ដល់នូវអង្ករចំនួន ២៥គីឡូក្រាម ក្នុងម្នាក់ៗដល់កម្មករទាំងអស់។
សូមបញ្ជាក់ថា ការធ្វើកូដកម្មរបស់កម្មករក្រុមសហ៊ុនស៊ិនទ្រី គឺចាប់តាំងពីល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ រហូតមកដល់ព្រឹកថ្ងៃ០៧ ខែតុលា ដែលកម្មករប្រមូលសំរាមរបស់ក្រុមហ៊ុននេះមិនចេញប្រមូលសំរាម ដែលធ្វើឲ្យមានសំរាមកកស្ទះនៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ៕