(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា នៅថ្ងៃនេះគ្មានករណីអ្នកឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ខណៈអ្នកជំងឺកូវីដ១៩ម្នាក់ បានព្យាបាលជាសះស្បើយ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
អ្នកជំងឺដែលជាសះស្បើយនោះ គឺជាបុរសជនជាតិចិន អាយុ២៨ឆ្នាំ ជាអ្នកដំណើរមកពីប្រទេសហ្វីលីពីន ដោយបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០។ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានការធ្វើតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យចាក់អង្រែ រាជធានីភ្នំពេញ។
សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៦ ខែតុលានេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ទាំងអស់ចំនួន២៨០នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន២៧៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៤នាក់៕