(ភ្នំពេញ)៖ សម្រាប់ខែទី៤ នៃកម្មវិធី «ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩» រាជរដ្ឋាភិបាលបានគ្រោងចំណាយនូវថវិកាជាង១២៥ពាន់លានរៀល សម្រាប់បើកផ្ដល់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះជិត៧០ម៉ឺនគ្រួសារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម។
កិច្ចប្រជុំនេះរៀបចំឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច ក្រោមការដឹកនាំរប់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីនានា នៃប្រព័ន្ធគាំពារសង្គម នាពេលកន្លងមក ពិសេសកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩, ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារសម្រាប់បុគ្គលនៃវិស័យសាធារណៈ និងយន្តការតាមដាន និងវាយតម្លៃប្រព័ន្ធគាំពារសង្គម។
ខែទី៤នៃកម្មវិធី «ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩» ចាប់ផ្ដើមអនុវត្តបើកផ្ដល់កាលពីថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ២០២០ ដល់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០។
រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩» កាលពីថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២០ កន្លងមក។ កម្មវិធីនេះ គឺជាការយកចិត្តទុកដាក់ចំពោះជីវភាព និងការលំបាករបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយបានរួមចំណែកជំរុញឱ្យមានការកែសម្រួលកាន់តែប្រសើរឡើង នូវការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធ្វើការជាមួយគ្នាកាន់តែជិតស្និទ្ធថែមទៀត ក្នុងការអនុវត្តកម្មវិធី។
ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា «កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ទទួលបានការសារទរទាំងពីថ្នាក់ជាតិ និងមជ្ឈដ្ឋានអន្តរជាតិ។ ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ខែទី១ មានអ្នកទទួលផលចំនួន ៥៣០ ៨៣៨ គ្រួសារ, ខែទី ២ ចំនួន ៥៩៨ ៥១២គ្រួសារ, ខែទី ៣ ចំនួន៦៤៤ ៦៥៥ គ្រួសារ ។ ដោយឡែកសម្រាប់ខែទី ៤ ដែលបានចាប់ផ្ដើមអនុវត្តបើកផ្ដល់កាលពីថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ២០២០, រាជរដ្ឋាភិបាលគ្រោងនឹងចំណាយថវិកាចំនួន ១២៥ ១៧២ ៦៨៧ ៦០០ រៀល សម្រាប់បើកផ្ដល់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ៦៨៩ ៩៧៣ គ្រួសារ ។ អង្គប្រជុំក៏បានពិភាក្សាអំពីទិសដៅបន្ទាប់ក្នុងការបន្តអនុវត្តកម្មវិធីនេះ ផងដែរ»។
ជាមួយគ្នានេះ, កិច្ចប្រជុំក៏បានពិភាក្សាអំពីការដាក់ឱ្យដំណើរការ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់កម្មករនិយោជិត និងផ្នែកហានិភ័យការងារសម្រាប់បុគ្គល ក្នុងវិស័យសាធារណៈ។ ក្នុងនោះក៏មានការពិចារណាអំពីបន្ទុក ក៏ដូចជាការផ្ដល់អត្ថប្រយោជន៍ ដែលជាការគាំពារដល់មន្ត្រីរាជការ និងនិយោជិត។
កិច្ចប្រជុំ បានឯកភាពលើការកំណត់អត្រាភាគទាន បែបបទ និងនីតិវិធីនៃការបង់ភាគទាន របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់បុគ្គលនៃវិស័យសាធារណៈ។ របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់បុគ្គលនៃវិស័យសាធារណៈនេះ នឹងចាប់ផ្ដើមអនុវត្តចាប់ពីខែមករា ឆ្នាំ២០២១ តទៅ។
អង្គប្រជុំក៏បានពិនិត្យ និងសម្រេចដាក់ឱ្យអនុវត្តនូវ «យន្តការតាមដាន និងវាយតម្លៃប្រព័ន្ធគាំពារសង្គម» ដែលរៀបចំឡើងដើម្បីឃ្លាំមើលពីវឌ្ឍនភាព នៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ស្របតាមស្មារតី និងទិសដៅដែលបានកំណត់ ក្នុងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦- ២០២៥ ។
«យន្តការតាមដាន និងវាយតម្លៃប្រព័ន្ធគាំពារសង្គម» នេះ ផ្ដោតលើធាតុផ្សំចំនួន ៣៖ សេចក្ដីព្រាងសេចក្តីសម្រេច ស្តីពីការដាក់ឱ្យអនុវត្តយន្តការតាមដាន និងវាយតម្លៃប្រព័ន្ធគាំពារសង្គម, សៀវភៅណែនាំ និងប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ការរាយការណ៍ និងការទទួលបានលទ្ធផល ដែលអាចធានាប្រសិទ្ធភាពនៃការអនុវត្ត។ យន្តការនេះ គឺជាយន្តការរស់ដែលមានភាពចាំបាច់ក្នុងការកែសម្រួល និងធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ ទៅតាមវឌ្ឍនភាពនៃការកែទម្រង់ និងអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្ត។
អង្គប្រជុំក៏បានពិនិត្យ និងសម្រេចលើផែនការសកម្មភាពអាទិភាព សម្រាប់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម សម្រាប់ឆ្នាំ ២០២១ខាងមុខផងដែរ៕