(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នឹងធ្វើការកែប្រែមុខមាត់ថ្មីនៃពហុកីឡដ្ឋានជាតិ (ស្ដាតអូឡាំពិក) តាមរយៈការបំពាក់កៅអីជុំវិញ ស្របតាមស្ដង់ដារសហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ (FIFA) នាពេលឆាប់ៗខាងមុខ ដោយប្រើកញ្ចប់ថវិការបស់មូលនិធិស៊ីហ្គេម ឆ្នាំ២០២៣ ដែលអនុម័តដោយលោក អូន ព័ន្ធមុនីរ័ត្ន អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាប្រធានម្ចាស់គណនីមូលនិធិនេះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា គម្រោងថវិកាសម្រាប់ប្រើប្រាស់បំពាក់កៅអីក្នុងពហុកីឡដ្ឋានជាតិ ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុម័យរួចរាល់ហើយ ក្រោយមានសំណើពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ដើម្បីកែប្រែមុខមាត់ពហុកីឡដ្ឋានជាតិឲ្យស្របតាមស្ដង់ដារ FIFA ត្រៀមការប្រកួតអន្ដរជាតិនានា រួមទាំងស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ។
លោកបញ្ជាក់ថា «ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានផ្ដល់នូវការអនុម័តកញ្ចប់ថវិកា ដើម្បីបំពាក់កៅអីរួចហើយ ដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងជាប្រធានម្ចាស់គណនីមូលនិធិស៊ីហ្គេម ឆ្នាំ២០២៣ បានឲ្យប្រើប្រាស់ថវិកាមូលនិធិនេះ ដើម្បីបំពាក់កៅអី។ ចឹងកៅអីនោះ នឹងបំពាក់ក្នុងពេលឆាប់ៗនេះហើយ ដោយឆាប់ៗនេះដែរនឹងទទួលបាននូវការប្រែប្រួលមុខមាត់ថ្មី នៃពហុកីឡដ្ឋានជាតិ ស្របតាមស្ដង់ដារ FIFA»។
គួរបញ្ជាក់ថា ពហុកីឡដ្ឋានជាតិ គឺជាសំណង់ដែលសាងសង់ឡើង និងដាក់ឲ្យដំណើរការតាំងពីឆ្នាំ១៩៦៤ ដោយអាចផ្ទុកអ្នកទស្សនាសរុបប្រមាណ ៥៥,០០០នាក់។ តែកន្លងមកពុំទាន់មានការបំពាក់កៅអី ដើម្បីងាយស្រួលក្នុងការសម្គាល់ និងលក់សំបុត្រនោះទេ។ ដូច្នេះការប្រកួតលក្ខណៈអន្ដរជាតិកន្លងមក ដែលមានអ្នកគាំទ្រចូលទស្សនាពេញៗ គឺក្នុងលក្ខខណ្ឌទទួលបានអនុគ្រោះពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) និង FIFA ប៉ុណ្ណោះ។
ហេតុនេះ ដើម្បីធ្វើឲ្យពហុកីឡដ្ឋាន ដែលជាសំណង់ប្រវត្តិសាស្ដ្ររបស់កម្ពុជានេះ ស្របស្ដង់ដារ និងអាចឲ្យអ្នកគាំទ្រចូលទស្សនាធម្មតាបាន សហព័ន្ធចាំបាច់ធ្វើការបំពាក់កៅអីឲ្យបានជុំវិញ ដើម្បីត្រៀមស្វាគមន៍ការប្រកួតអន្ដរជាតិនានាបន្ដទៀត ពិសេសត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាតែម្ដង។ ប៉ុន្ដែទំហំថវិកា ដែលត្រូវចំណាយលើការបំពាក់កៅអីនេះ ពុំទាន់មានការបង្ហើបឲ្យដឹងនោះទេ៕