(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តហិរញ្ញប្បទានជាង២៩លានដុល្លារអាមេរិក ដើម្បីគំាទ្ររាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យប្រសើរឡើង នូវការផ្តល់សេវាតាមរយៈ កំណែទម្រង់សំខាន់ៗ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងវិមជ្ឈការ ជាពិសេសនៅតាមតំបន់ជនបទ ដែលភាគច្រើនពលរដ្ឋក្រីក្ររស់
ADB បានបញ្ជាក់ថា ការផ្តល់កម្ចីនេះ គឺជាកម្មវិធីទី២ នៃការអភិវឌ្ឍន៍ផ្នែកសេវា និងការគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ ដែលបានធ្វើវិមជ្ឈការ រួមមានប្រាក់កម្ចី ផ្តោតលើគោលនយោបាយចំនួន ២០ លានដុល្លារ ដែលនឹងគាំទ្រដល់វិធីសាស្រ្ត ដើម្បីពង្រឹងផែនការ និងការគ្រប់គ្រងសារពើពន្ធនៃរដ្ឋបាលមូលដ្ឋាន ក៏ដូចជារដ្ឋបាលសាធារណៈ។ វាក៏រួមបញ្ចូល ប្រាក់កម្ចីអនុវត្តន៍គម្រោងចំនួន ៩.៣៥ លានដុល្លារ ដើម្បីជួយកសាងសាលារដ្ឋបាលមូលដ្ឋានជាតិ ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល សម្រាប់មន្រ្តីរាជរដ្ឋាភិបាលក្នុងតំបន់។ លើសពីនេះ រាជរដ្ឋាភិបាល នឹងផ្តល់ហិរញ្ញប្បទានដល់គម្រោងនេះចំនួន១.៧ លានដុល្លារផងដែរ។
អ្នកជំនាញជាន់ខ្ពស់ ផ្នែកគ្រប់គ្រងវិស័យសាធារណៈ របស់ធនាគារអភិវឌ្ឍន៍អាស៊ី លោកស្រី Jhelum Thomas បានលើកឡើងថា «គម្រោងនេះមានគោលបំណងជួយដល់រដ្ឋបាលមូលដ្ឋាននៅទូទាំង ប្រទេសកម្ពុជា ក្នុងការផ្តល់នូវសេវាសាធារណៈមូលដ្ឋាន ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព ហើយក៏នឹងបង្រួមគម្លាតតំបន់ជនបទ និងទីប្រជុំជនផងដែរ។ គម្រោងនេះ ចាំបាច់ណាស់ ខណៈដែលជំងឺ រាតត្បាតកូវីដ១៩ ធ្វើឱ្យប្រជាពលរដ្ឋមួយចំនួន បានផ្លាស់ទី ពីទីក្រុងទៅជនបទ។ ប្រការនេះនឹងនាំដល់ សម្ពាធបន្ថែមដល់រដ្ឋបាលមូលដ្ឋាន ក្នុងការផ្តល់ជំនួយសង្គមនិងសេវាកម្មចំបាច់ដូចជាផ្លូវថ្នល់ ការផ្គត់ផ្គង់ ទឹក និងអនាម័យ ដើម្បីគាំទ្រដល់ការរីកចម្រើនណើន ប្រកបដោយបរិយាប័ន្ន និងសមធម៌»។