(ញូយ៉ក)៖ រដ្ឋអាជ្ញាសង្កាត់ Manhattan នៃទីក្រុងញូយ៉ក លោក Cyrus Vance បានឱ្យដឹងថាលោកអាចនឹងបើកការស៊ើបអង្កេតមួយ លើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមុខជំនួញរបស់លោក ជុំវិញសំណុំរឿងសង្ស័យមានជាប់ទាក់ទងនឹងការលួចបន្លំពន្ធ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០។
លោក Cyrus Vance ធ្វើការអះអាងបែបនេះនៅក្នុងឯកសារដាក់ជូនសាលាឧទ្ធរណ៍ក្នុងសង្កាត់ Manhattan ៤ថ្ងៃមុននឹងមានការពិចារណាលើសំណើរបស់លោក ត្រាំ ដែលចង់បិទខ្ទប់ការស៊ើបអង្កេតរបស់លោក Vance កាលពីខែសីហា ឆ្នាំ២០១៩ ជុំវិញពន្ធលើប្រាក់ចំណូលពីមុខជំនួញរបស់លោកត្រាំ។ សេតវិមាន មិនទាន់ ធ្វើការអត្ថាធិប្បាយអ្វីនៅឡើយទេ ខណៈលោក ត្រាំ បានបដិសេធជាច្រើនលើករាល់ការចោទប្រកាន់មកលើរូបលោក។
គួរបញ្ជាក់ថា នៅក្នុងចំណោមរបាយការណ៍ជាច្រើនរបស់ការិយាល័យលោក Cyrus Vance មានរបាយការណ៍ខ្លះបានចោទប្រកាន់លោក ត្រាំថា ជារឿយៗតែងតែ ផ្ញើរបាយការណ៍អ្នកដែលឱ្យលោកខ្ចីប្រាក់ ដោយបំប៉ោងទ្រព្យសម្បត្តិរបស់លោក និងលុបចោលបំណុលអចលទ្រព្យ។ មិនតែប៉ុណ្ណោះ ចន្លោះពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៤ លោក ត្រាំ ថែមទាំងបានចំណាយប្រាក់៤០០លានដុល្លារលើផ្ទះចំនួន៥ខ្នង, ទីលានវាយកូនហ្គោល៨កន្លែង និងរោងចក្រផលិតស្រាមួយកន្លែង បើទោះជាជាប់បំណុលរាប់ពាន់លានដុល្លារ ក៏ដោយ៕