(ភ្នំពេញ)៖ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងបេះដូងមនុស្សធម៌របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍ ដែលបានបង្កលក្ខណៈឱ្យបងប្អូនប្រជាពលរដ្ឋជាច្រើន បានចូលរួមប្រារព្ធពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្នុងរយៈពេលកន្លងមកនេះ ព្រមទាំងបានដើរលេងកម្សាន្តដោយសេរី ប្រកបដោយសេចក្ដីសប្បាយរីករាយផងដែរ។
ក្រសួងបន្តថា នៅក្នុងបរិបទនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រោមការដឹកនាំ និងដាក់ចេញនូវវិធានការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ បានទាន់ពេលវេលារបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឱ្យ ស្ថានភាពជំងឺកូវីដ-១៩ មិនឱ្យមានការរាតត្បាតក្នុងទ្រង់ទ្រាយធំ និងមិនទាន់មានការចម្លងចូលក្នុងសហគមន៍នៅឡើយមកទល់ពេលនេះ។ ទោះជាយ៉ាងនេះក្ដី សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចេះរៀនសូត្រការរស់នៅជាមួយនឹងវត្តមានរបស់វីរុសកូវីដ-១៩ រស់នៅ ធម្មតាតាមបែបគន្លងថ្មីៗ ដោយកែប្រែទម្លាប់របស់ខ្លួន ឱ្យមានការថែរក្សាសុខភាពឱ្យបានល្អប្រសើរ ដើម្បីចៀសផុតពីការចម្លងជំងឺឆ្លងនានា ជាពិសេសគឺការចម្លងវីរុសកូវីដ-១៩ ដោយត្រូវនាំគ្នាចូលរួមអនុវត្តន៍ អនាម័យដៃស្អាតជានិច្ច ពាក់ម៉ាស់នៅក្នុងករណីចាំបាច់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើងទៅ ដែលជាវិធានការសាមញ្ញៗ តែងតែមានការណែនាំឱ្យអនុវត្តន៍ជារឿយៗដោយក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា «ក្នុងរយៈពេលនៃថ្ងៃកាន់បិណ្ឌ និងភ្ជុំបិណ្ឌកន្លងទៅនេះ ក្រសួងសុខាភិបាល បានធ្វើការអំពាវនាវ ណែនាំ និងតាមដានស្ថាន ភាពនៃការចម្លងវីរុសកូវីដ-១៩ដោយយកចិត្តទុកដាក់ តាមរយៈបណ្ដាញប្រព័ន្ធសុខាភិបាល នៅទូទាំងប្រទេសឃើញថា៖ «មិនទាន់មានករណីចម្លងវីរុសកូវីដ១៩ថ្មី កើតមានឡើងនៅក្នុងប្រទេស និងមិនទាន់មានការចម្លងចូលក្នុងសហគមន៍ នៅឡើយទេ» ដែលស្ថានភាពនេះ គឺជាជោគជ័យមួយវគ្គទៀតហើយ បន្ទាប់ពីស្ថានភាពមិនមាន ការចម្លងវីរុសកូវីដ-១៩ ក្នុងកំលុងពេលឈប់សម្រាកសម្រាប់សងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កាលពីខែសីហាកន្លងទៅនេះ»។