(ប៉េកាំង)៖ មន្ត្រីជាន់ខ្ពស់ម្នាក់មកពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) របស់ប្រទេសចិនបានឱ្យដឹងថា វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍដោយក្រុមអ្នកវិទ្យាសាស្រ្តចិន អាចនឹងរួចរាល់សម្រាប់ការប្រើប្រាស់ជាសាធារណៈ នៅកំលុងខែវិច្ឆិកាខាងមុខនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០។
លោកស្រី គួយជិន វូ (Guizhen Wu) ប្រធានក្រុមអ្នកជំនាញសុវត្ថិភាពជីវសាស្ត្រនៃ CDC ធ្វើការអះអាងខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋចិន កាលពីថ្ងៃចន្ទសប្ដាហ៍នេះ និងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីអង្គការសុខភាពពិភពលោក WHO បានទទួលស្គាល់ថា ខ្លួនកំពុងធ្វើការជាមួយចិន លើលក្ខខណ្ឌទទួលស្គាល់វ៉ាក់សាំងចិនជាលក្ខណៈអន្តរជាតិ។ លោកស្រី Wu បានគូសបញ្ជាក់ដូច្នេះថា «ការធ្វើតេស្ដលើមនុស្សក្នុងដំណាក់កាល់ទី ៣ បានដំណើរការទៅយ៉ាងរលូន ហើយវ៉ាក់សាំងអាចនឹងរួចរាល់សម្រាប់ការប្រើប្រាស់ ជាសាធារណៈនៅក្នុងខែវិច្ឆិកា ឬខែធ្នូខាងមុខនេះ»។
ទោះជាយ៉ាងណា លោកស្រី Guizhen Wu ដែលធ្លាប់បានចូលរួមក្នុងការធ្វើតេស្ដវ៉ាក់សាំងនេះដែរនោះ មិនបានបញ្ជាក់ថា វ៉ាក់សាំងរបស់ក្រុមហ៊ុនចិនមួយណាឱ្យប្រាកដនោះទេ។ ចិនមានវ៉ាក់សាំង COVID-19 ចំនួន ០៤ កំពុងស្ថិតនៅក្នុងដំណាក់កាលទី ៣ នៃការធ្វើតេស្ដ ហើយក្នុងចំណោមវ៉ាក់សាំងទាំងនេះទៀតសោតមាន ០៣ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់រួចហើយលើបុគ្គលិកចិន ដែលឈរនៅសមរភូមិមុខប្រយុទ្ធប្រឆាំងនឹង COVID-19 ក្រោមកម្មវិធីបន្ទាន់មួយ កាលពីខែកក្កដាកន្លងទៅ។
គួរបញ្ជាក់ថា វ៉ាក់សាំងទាំង ០៤ ខាងលើមាន ០៣ ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនចិនស៊ីយណូផាម (Sinopharm) និងក្រុមហ៊ុន ស៊ីណូវ៉ាក់ បាយអូធិច (Sinovac Biotech) និងមួយទៀត ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន ខេនស៊ីណូ បាយអូឡូជីក (CanSino Biologics) ដែលទទួលបានការអនុញ្ញាតពីយោធាចិន កាលពីខែកក្កដា។ ចំណែកឯក្រុមហ៊ុនចិន Sinopharm កាលពីខែកក្កដាបានអះអាងថា វ៉ាក់សាំងរបស់ខ្លួនអាចនឹងរួចរាល់ សម្រាប់ការប្រើប្រាស់នៅចុងឆ្នាំ២០២០នេះ បន្ទាប់ពីបញ្ចប់ការធ្វើតេស្ដដំណាក់កាលទី ៣៕